មនុស្សចំនួន ៥នាក់បានរងរបួសធ្ងន់ នៅក្នុងការវាយប្រហារដោយកូនកាំបិត នៅកន្លែងមួយដែលក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ បានធ្វើការប្រមូលផ្តុំតវ៉ា ស្ថិតក្នុងទីក្រុងហុងកុង។
ការវាយប្រហារបានកើតឡើងនៅផ្សារទំនើប Cityplaza ស្ថិតក្នុងស្រុក Tai Koo។
អាជ្ញាធរមន្ទីរពេទ្យបាននិយាយថា បុរសចំនួន ៤នាក់ និងស្រ្តីម្នាក់បានរងរបួស ដោយមាន ២នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង។
ក្នុងចំណោមជនរងគ្រោះ មានបុរសម្នាក់ដែលជាសមាជិក្រុមប្រឹក្សា ត្រូវបានជនល្មើសខាំស្លឹកត្រចៀករបស់គាត់ដាច់ម្ខាង។ បុរសល្មើសនោះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។
សាក្សីបាននិយាយថា ជនវាយប្រហារដែលនិយាយភាសាចិន បានដកកូនកាំបិតចេញមក ក្រោយពេលមានជម្លោះពាក្យសំដីផ្នែកនយោបាយ ជាមួយនឹងមនុស្សស្ថិតក្នុងផ្សារទំនើប ដែលជាកន្លែងក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នាមុននឹង។
សមាជិកក្រុមប្រឹក្សាឈ្មោះ Andrew Chiu Ka-yin ត្រូវបានជនល្មើសខាំស្លឹកត្រចៀករបស់គាត់ដាច់ នៅពេលគាត់ព្យាយាមរារាំងមិនឲ្យជនល្មើសរូបនោះ ចេញពីកន្លែងកើតហេតុ។ សាក្សីបញ្ជាក់ទៀតថា ជនល្មើសត្រូវបានអ្នកឃើញ ហេតុការវាយឲ្យរបួសធ្ងន់ មុនពេលប៉ូលីសចាប់ខ្លួនគាត់។
ជនរងគ្រោះម្នាក់ជាស្រ្តី បានថ្លែងប្រាប់សារព័ត៌មានចិន South China Morning Post ដូច្នេះថា ជនសង្ស័យបានដកកូនកាំបិតចេញមក បន្ទាប់ពីមានជម្លោះនយោបាយជាមួយនឹងប្អូនស្រី និងប្តីរបស់គាត់ ដែលពួកគេទាំងពីរនាក់បានរងរបួសក្នុងហេតុការណ៍នោះ។
សារព័ត៌មានហុងកុង The Hong Kong Free Press បានរាយការណ៍ថា ជនសង្ស័យជាអ្នកគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំង។
សូមបញ្ជាក់ថា ទីក្រុងហុងកុងដែលជាទឹកដីអាណានិគមន៍របស់អង់គ្លេស ត្រូវបានញាំញីដោយការផ្ទុះបាតុកម្មអស់រយៈពេល ៥ខែមកហើយ ដែការបាតុកម្មនោះពេលខ្លះ បានផ្ទុះជាហឹង្សា។
ហុងកុង ត្រូវបានអង់គ្លេសប្រគល់ឲ្យចិនកានកាប់វិញក្នុងឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀង ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ៕