កីឡាអេឡិចត្រូនិកដែលកំពុងពេញនិយមបំផុតគឺវិញ្ញាសា Mobile Legends: Bang Bang ពេលនេះនឹងធ្វើឲ្យកក្រើកចេញពីប្រទេសម៉ាឡេស៊ីដែលជាសមរភូមិរៀបចំការប្រកួតជើងឯកពិភពលោក Mobile Legends: Bang Bank World Championship ដែលហៅកាត់ថា M1 ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះដែលមានប្រាក់រង្វាន់សរុបរហូតដល់ ២៥០០០០ដុល្លារអាមេរិក។
ព្រឹត្តិការណ៍ជើងឯកពិភពលោកធំមិនធ្លាប់មាននេះនឹងប្រជុំដោយក្រុមកីឡាករអេឡិចត្រូនិកខ្លាំងៗដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់មកពី១៤តំបន់ជុំវិញពិភពលោក។ ការប្រកួតទាំងអស់នឹងផ្សាយផ្ទាល់តាមរយៈ Youtube Gaming ចេញពីសមរភូមិទីលាន Axiata Arena តំបន់ Bukit Jalil ក្នុងទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី។ នេះជាព្រឹត្តិការណ៍អស្ចារ្យដែលអ្នកនិយមចូលចិត្តកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang ពិតជាទទួលបានបទពិសោធន៍ដ៏អស្ចារ្យជាក់ជាមិនខាន។
ជើងឯកពិភពលោក M1 គឺជាលទ្ធផលដ៏គួរជាទីមោទនភាពពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនកម្សាន្ត MOONTON និងដៃគូឧបត្ថម្ភសំខាន់ U Mobile។ បើតាមសេចក្តីថ្លែងការណ៍របស់របស់លោក Justin Yuan ជានាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន MOONTON បានគូសបញ្ជាក់ថា «ដៃគូឧបត្ថម្ភសំខាន់ U Mobile ដែលជាក្រុមហ៊ុនទូរគមនាគន៍ទទួលបានពានរង្វាន់ជាច្រើនរបស់ប្រទេសម៉ាឡេស៊ីបានពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន MOONTON ដោយបានក្លាយជាដៃគូឧបត្ថម្ភផ្លូវការសម្រាប់ការប្រកួតជើងឯកពិភពលោក M1 World Championship។ ភាពជាដៃគូរបស់ U Mobile ជាមួយ MOONTON បានឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វិស័យកីឡាអេឡិចត្រូនិកទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងពិភពលោក»។
ជើងឯក M1 World Championship នឹងចាប់ផ្តើមការប្រកួតវគ្គជម្រុះក្នុងពូលពីថ្ងៃទី១១ ដល់ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ បន្ទាប់ពីមកក្រុមខ្លាំងដែលជាប់វគ្គជម្រុះក្នុងពូលត្រូវឡើងដល់វគ្គប្រកួតសំខាន់។ ក្រុមខ្លាំងមកពីប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពន និងមីយ៉ាន់ម៉ា ព្រមទាំងក្រុមជាប់វគ្គជម្រុះមកពីប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម ជប៉ុន តួរគី រុស្ស៊ី សហរដ្ឋអាមេរិក និងប្រេស៊ីលជាដើម។ ចាំមើលក្រុមមកពីប្រទេសណាដែលជាជើងខ្លាំងពិតប្រាកដ?
អ្នកនិយមតាមដានកីឡាអេឡិចត្រូនិកជ្រាបហើយថា កីឡា eSports នឹងមានមុខផ្លូវការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីនពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ។ ក្នុងនោះ Mobile Legends គឺជាវិញ្ញាសាមួយរបស់កីឡាអេឡិចត្រូនិកមួយដែរ។ តាមព័ត៌មានច្បាស់ការគឺ ប្រទេសចំនួន៩ក្នុងតំបន់អាស៊ាននឹងបញ្ជូកក្រុមកីឡាអេឡិចត្រូនិករបស់ខ្លួនចូលរួមប្រភេទកីឡាស៊ីហ្គេម ចុងឆ្នាំនេះ។ វិញ្ញាសា Mobile Legends: Bang Bang នឹងប្រកួតនៅថ្ងៃទី៥ ទី៧ និងទី៨ ខែធ្នូ ដែលមានផ្សាយផ្ទាល់តាមផេក Bang Bang៕