ក្រុងព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ រកឃើញគ្រឿងញៀនច្រើនគីឡូក្រាម ក្រោយអន្តរាគមន៍ចូលទៅពន្លត់អគ្គិភ័យក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ។ សមត្ថកិច្ចប្រាប់ជាបឋមថា ជាដំបូងមានអគ្គិភ័យឆាបឆេះសណ្ឋាគារមួយនៅក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ កាលពីថ្ងៃត្រង់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ បន្ទាប់មកសមត្ថកិច្ចក៏ចេញអន្តរាគមន៍ជួយពន្លត់ រួចក៏ប្រទះឃើញ គ្រឿងញៀនច្រើនកញ្ចប់។
ក្នុងនោះកញ្ចប់ខ្លះភ្លើងឆេះរោល និងខ្លះទៀតនៅល្អ ច្រើនគីឡូក្រាម ដែលតាមការសន្និដ្ឋានពីសមត្ថកិច្ចជាបឋមថា គ្រឿងញៀនទាំងអស់នេះយ៉ាងតិច២០គីឡូក្រាម។ បើតាមសមត្ថកិច្ចបញ្ជាក់ថា ទីតាំងកើតហេតុនិងរកឃើញគ្រឿងញៀននេះ ប្រជាពលរដ្ឋខ្មែរយើងបានជួលទៅអោយជនជាតិចិន។ ភ្លាមៗមានជនជាតិចិន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ត្រូវបានសមត្ថកិច្ចនិងឃាត់ខ្លួននាំយកមកសាកសួរបន្តតាមនីតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕