ករណីក្រុមស្លៀកពាក់ស៊ីវិល (អះអាងថាខ្លួនជាមន្ត្រីសមត្ថកិច្ច) ចាប់មនុស្សនៅផ្លូវសាធារណៈដោយចោទថាបានប្រើប្រាស់ និងទិញថ្នាំញៀន ជាពិសេសហេតុការណ៍នេះតែងតែឃើញមាននៅតាមផ្លូវបឹងកក់។ ហេតុការណ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភនិងភ័យខ្លាចជាខ្លាំង ដោយមានការលើកឡើងថានេះជាករណីធ្វើស៊ី ចាប់មនុស្សដែលគ្មានកំហុស ហើយភាគច្រើនករណីនេះកើតឡើងមកលើបងៗប្អូនៗជាបុរស។ ជាក់ស្តែងណាស់ករណីនេះក៏កើតមានជាថ្មីដោយមានគណនីហ្វេសប៊ុកឈ្មោះ Visal Peth បានចេញវីដេអូចែករំលែកនូវបទពិសោធន៍ ទោះបីជាមិនទាន់បានជួបផ្ទាល់ដោយខ្លួនឯង ក៏ប៉ុន្តែមិត្តរួមការងាររបស់ខ្លួនត្រូវបានគេចាប់ដាក់ខ្នោះ និងត្រូវគេធ្វើស៊ីអស់លុយ ២៥០០ដុល្លារ។ បងប្រុសរូបនេះបានរៀបរាប់ថា ដោយសារតែមិត្តរួមការងារជាអ្នកជួបករណីនេះមិនហ៊ានចេញមុខមកនិយាយព្រោះតែខ្មាសគេ លោកក៏សម្រេចចិត្តចេញវីដេអូនិយាយ ព្រោះតែចង់ឲ្យមានការប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរនៅលើផ្លូវបឹងកក់នោះ។
ដោយបងប្រុសរូបនោះបានរៀបរាប់ថា ខណៈដែលមិត្តរួមការងាររបស់ខ្លួនបានធ្វើដំណើរតាមផ្លូវម្តុំបឹងកក់ ក៏ស្រាប់តែមានមនុស្សមួយក្រុមស្លៀកពាក់ស៊ីវិល មកចាប់ដាក់ខ្នោះ និងនាំយកមកប៉ុស្តិ៍ប៉ូលិស (មិនបានបញ្ជាក់ទីតាំងប៉ុស្តិ៍) ដោយចោទថាបានមករកទិញថ្នាំញៀន តែទិញមិនបាន។ មិនត្រឹមតែប៉ុណ្ណោះក៏យកប្រដាប់វាស់ទឹកនោមរបស់អ្នកផ្សេងមកឲ្យមិត្តរួមការងារខ្លួនកាន់ថតទៅវិញ ដោយមិនអាចប្រកែកបានព្រោះតែខ្លាចគេវាយទ្រោមខ្លួនដូចអ្នកផ្សេង ក៏តាមគេទាំងអស់ រហូតត្រូវគេធ្វើស៊ីអស់ ២៥០០ដុល្លារ។ បងប្រុសរូបនោះក៏បានសំណូមពរឲ្យ ឧត្ដមសេនីយ៍ឯក ស ថេត ជួយត្រួតពិនិត្យមើលករណីនេះផង ព្រោះតែអ្នករងគ្រោះត្រូវគេធ្វើស៊ីបានកើនឡើងជាបន្តបន្ទាប់៕