ភ្នំពេញ៖ កាលពីវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីលួចទូរស័ព្ទមួយបានកើតឡើងនៅ ចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ភិនសោភា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ចំណែកឯជនសង្ស័យឈ្មោះ ផន ណេត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
មុនពេលកើតហេតុ ជនរងគ្រោះបានទុកទូរស័ព្ទដៃម៉ាក Oppo-S11 Pro ពណ៌ខៀវ សៀតក្នុងកាបូបពណ៌ខ្មៅស្ពាយចំហៀងរួចជិះម៉ូតូទៅលក់ខោអាវនៅផ្សាររាត្រី ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដើរមកជិតជនរងគ្រោះឆក់យកទូរស័ព្ទដៃម៉ាកខាងលើ រួចរត់គេចខ្លួន ពេលនោះជនរងគ្រោះក៏មកដាក់ពាក្យបណ្តឹងនៅទីស្នាក់ប៉ុស្តិ៍ច្បារអំពៅ២។ លុះដល់ម៉ោង២០និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យ រួមនិងវត្ថុតាងទូរស័ព្ទដៃម៉ាកខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
ជុំវិញករណីនេះផងដែរ លោក ផែង វណ្ណៈ បានលើកឡើងថា “កុមារាអាយុ ១៥ ឆ្នំា ម្នាក់ ព្រោះតែជីវភាពក្រីក្របាន ឆក់ទូរស័ព្ទដៃ ១ គ្រឿង នគរបាលប៉ុស្តិ៍ច្បារអំពៅ ២ ចាប់បានដាក់ខ្នោះដៃផង ដាក់ច្រវ៉ាក់ជេីងផង។ ចំណែកមេក្លោងគ្រឿងញៀនរាប់សិបគីឡូ កុំថាឡេីយដាក់ខ្នោះ សូម្បីតែថតរូបយកមកផ្សាយក៏គ្មានផង ។ ពូកែបានតែចោរអំបុកចោរអំបែង ចោរលួចផ្លែស្វាយ ចោរលួចមាន់ ចោរលួចត្រយូងចេក ដាក់ខ្នោះថតបង្ហោះផ្សាយព្រោងព្រាត”៕