មង្គលការរបស់អ្នកនយោបាយវ័យក្មេងល្បីឈ្មោះ គឺអ្នកនាង ធី សុវណ្ណថា ត្រូវបានរៀបចំឡើងនៅតំបន់អារ៉ែង ខេត្តកោះកុង ត្រូវបានបញ្ចប់ទៅយ៉ាងរលូន ប៉ុន្តែអ្វីដែលគេមានការភ្ញាក់ផ្អើលនោះគឺ មុនថ្ងៃមង្គលការរបស់អ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ គេបានឃើញលោក ហេង ឡុង បានធ្វើការបង្ហោះព័ត៌មានមួយដែលមានទាំងសំលេងទាក់ទងនឹងអ្នកសិល្បៈម្នាក់អះអាងថាជាភរិយារបស់លោក ផែ សុវណ្ណារិទ្ធ ដែលនាំអោយមានការងឿងឆ្ងល់យ៉ាងខ្លាំង។
ស្របពេលដែលលោក ផែ សុវណ្ណារិទ្ធ រៀបការជាមួយអ្នកនាង ធី សុវណ្ណថា នោះក៏បានធ្វើការបកស្រាយថាលោកមិនធ្លាប់មានទំនាក់ទំនងជាមួយតារាស្រីណាមួយឡើយ ហើយរូបលោកមានទំនាក់ទំនងស្នេហាជាសាធារណៈជាមួយអ្នកនាង ធី សុវណ្ណថា គឺជាង៧ឆ្នាំកន្លងមកហើយ ដោយគ្មានការលាក់លៀមអ្វីនោះទេ។ អ្វីដែលគេកំពុងតែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ពេលនេះអ្នកនាង ធី សុវណ្ណថា ព្រមានប្តឹងលោក ហេង ឡុង ដោយទុកពេលអោយត្រឹម២៤ម៉ោង ត្រូវបង្ហាញមុខនារីម្នាក់ដែលវាយប្រហារនាងនៅថ្ងៃរៀបការ ដោយនាងបានរៀបរាប់ថា៖ “សារព្រមាន ខ្ញុំទុកពេល ឲ្យលោក ហេង ឡុង ២៤ម៉ោង បង្ហាញមុខនារីម្នាក់ ដែលវាយប្រហារខ្ញុំថ្ងៃរៀបការ បេីនាងមិនចេញមុខទេ ខ្ញុំនឹងប្តឹងលោក ហេង ឡុង ករណីបង្កេីតព័ត៌មានក្លែងក្លាយ បរិហាកេរ្តិ៍..”។ តើរឿងនេះនឹងទៅជាយ៉ាងណាទៅ?