ប្រទេសជប៉ុន ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដ៏រីកចម្រើនបំផុតនៅលើពិភពលោក ។ ក្នុងនោះតូក្យូ គឺជាទីក្រុងដ៏សំខាន់បំផុតរបស់ជប៉ុន ជាកន្លែងប្រមូលផ្ដុំដោយសិល្បៈ វប្បធម៌ ការអប់រំ ពាណិជ្ជកម្ម វិស័យឯកជន វិស័យសាធារណៈ ក៏ដូចជាទីតាំងប្រជុំដោយទីស្នាក់ការសំខាន់ៗរបស់រាជរដ្ឋាភិបាល ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺស្ថានភាពចរាចរណ៍គ្មានការកកស្ទះនោះទេ ប្រជាជនភាគច្រើន បានប្រើមធ្យោបាយសាធារណៈ ជាប្រភេទ Metro (រថភ្លើងក្រោមដី) ។ ចំណែកឯផ្លូវនៅខាងលើភាគច្រើន មានតែរថយន្តតាក់ស៊ី ឬ ក៏រថយន្តដឹកជញ្ជូនទំនិញ និង រថយន្តក្រុងប៉ុណ្ណោះ ។ ប្រជាជនមួយចំនួនទៀត គឺដើរដោយថ្មើជើងដោយមានផ្លូវថ្មើជើងយ៉ាងធំទូលាយ និង មួយចំនួនទៀតជិះកង់ ដើម្បីទៅ ធ្វើការ ឬ ទៅសាលា ។ រីឯបរិស្ថានវិញ គ្មានសំរាមមសូម្បីមួយសរសៃមួយតាមដងផ្លូវ ហើយសំរាមត្រូវបានគេវេចខ្ចប់យ៉ាងមានរបៀប គ្មានជះក្លិនមិនល្អនោះទេ ។
នៅតាមដងផ្លូវនីមួយៗ តែងតែមានផ្លូវសម្រាប់អ្នកដំណើរថ្មើជើង និង មានដាំដើមឈើ ឬ ផ្កាយ៉ាងស្រស់បំព្រងផងដែរ ៕