• មិនធម្មតាអ្នកស្រុកបាគង! ក្លិនដាល់អំបុក របស់អ្នកស្រុកបាគង បានសាយភាយ ដល់ទីឋានវប្បធម៌ខ្មែរ…!

    (ខេត្តសៀមរាប)៖សម្លេងផ្តាច់គ្រាប់ឲ្យចេញពីកួរ ឬហៅថា “បែនស្រូវ” កំពុងបន្លឺសូរក្រញិកក្រញុកៗ ជាន់ឈ្លើនឹងម្រាមជើងដ៏រលើបរលោងរបស់អ្នកស្រុកស្រែចម្ការយើង បន្ទាប់ពីបញ្ជាន់រែងយកកំទេចកំទីដែលអុំនឹងចង្អេររួចមក គេចាប់ផ្តើមយកមកលីងក្នុងអំបែង រហូតដល់ស្រូវនោះចាប់ផ្ទុះផែះផូសៗហើយ ទើបគេចាក់ស្រូវទៅក្នុងត្បាល់ ខណៈពេលដែលសម្លេងត្បាល់បុក និងអង្រែវែងកំពុងទង្កុកទង្គិចគ្នាយ៉ាងពិរោះរណ្តំ ដោយមានមនុស្ស២នាក់កាន់បុកយ៉ាងស្វាហាប់ ត្បិតដៃម្ខាងកាន់អង្រែ និងម្ខាងកាន់ឈើឆ្កៀស។

    បុក-ដាល់ទាល់តែឃើញថាអំបុកពៀចសំប៉ែត ឬខ្ចាត់សម្បកស្រូវអស់ទើបឈប់ ហើយបារដាក់ចង្អេរយកទៅអុំ ដើម្បីអង្រួនទទាក់យកកន្ទក់ ឬជម្រុះក្បាលអង្កាមចេញ ។ ឯកាយវិការអុំនោះទៀតសោតក៏មានបែបមានបទយ៉ាងសំណំសំនួនក្នុងការអុំដូចជា៖ រែង អង្រួន និងស្ទៃជាដើម។

    នៅពេលកំពុងអុំនោះក្លិនពិដោរដ៏ឈ្ងុយឈ្ងប់ចេញពីអំបុកស្រូវថ្មីបានចាប់ផ្តើមសាយភាយរំអុកដល់ឃានវិញ្ញាណអ្នកអុំ និងអ្នកទស្សនា នាំឲ្យជិវ្ហាទ្រាំពុំបានចង់តែភ្លក្សពិសាភ្លាមៗ ខណៈពេលដែលផ្សែងភ្លើងដាល់អំបុកកំពុងហោះហើរលើវេហា អមដោយសំណើចសើចក្អាកក្អាយ មានសម្លេងស្រែកច្រៀង សូរសៀងវាចារ ក្រោមម្លប់ព្រៃព្រឹក្សានាតំបន់បុរាណ ដែលជាទីដ្ឋានផ្តុំនូវទំនៀមទម្លាប់ប្រពៃណីរបស់យើង។

    ទិដ្ឋភាពដែលប្រជាកសិករនាំគ្នាដាល់អំបុកនេះ មិនត្រឹមតែជាសញ្ញាបញ្ជាក់អំពីវប្បធម៌ដ៏ស្រស់ផូរផង់ប្រកបដោយសិល្បៈរបស់ជាតិយើងប៉ុណ្ណោះទេ តែថែមទាំងជាសញ្ញានៃការបង្ហាញពីទំនៀមរួមសាមគ្គីគ្នាដើម្បីសម្រេចជោគជ័យ ដូចជាការប្រវាស់ដៃគ្នាច្រូតស្រូវយ៉ាងដូច្នោះដែរ។

    មិនដឹងជាមានបងប្អូនយើងប៉ុន្មាននាក់ដែលកំពុងនឹកនាសកម្មភាពនេះនៅឯស្រុកស្រែចម្ការរបស់ខ្លួននារដូវលំហើយ?ត្រៀមអកអំបុកថ្ងៃទី៩វិច្ចិកាជួបជុំបងប្អូនពលរដ្ធខ្មែរទូទាំងប្រទេស។

    ប្រភព៖ ANN
    ដោយ÷តាំង ហូ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ