Twitter នឹងបញ្ឃប់ឲ្យមានការឃោសនានយោបាយ តែ Facebook វិញមិនឲ្យផ្អាកឡើយ

(អាមេរិក)៖ លោក ម៉ាក ហ្សាក់កឺប៊ឺក (Mark Zuckerberg) នាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញសង្គម Facebook បានចេញមុខការពារគោលការណ៍ អនុញ្ញាតឲ្យឃោសនាផ្នែកនយោបាយនៅលើបណ្តាញសង្គមនេះ បន្ទាប់ពីបណ្តាញសង្គម Twitter ប្រកាសថា នឹងហាមឃាត់រាល់ការឃោសនាផ្សព្វផ្សាយផ្នែកនយោបាយគ្រប់ទម្រង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។

លោក Zukerberg បានប្រាប់ទៅកាន់បណ្តាអ្នកវិនិយោគរបស់ក្រុមហ៊ុនថា Facebook នឹងបន្តទទួលឲ្យមានការឃោសនាផ្សព្វផ្សាយផ្នែកនយោបាយ នៅលើបណ្តាញសង្គមខ្លួនដដែល ទោះបីមានការរិះគន់មួយចំនួនក៏ដោយ។ លោក Zuckerberg បាននិយាយថា ការឃោសនានយោបាយគឺជារឿងដ៏សំខាន់ ហើយលោកជឿជាក់ថា វិធីសាស្រ្តដែលល្អជាងការហាមឃាត់មិនឲ្យផ្សព្វផ្សាយតែម្តង នោះគឺការប្រឹងប្រែងរក្សាតម្លាភាព ខណៈការឃោសនាផ្សព្វផ្សាយផ្នែកនយោបាយនៅលើ Facebook គឺមានតម្លាភាពខ្ពស់រួចទៅហើយ។

ក្នុងខែតុលានេះទាំងលោក Zuckerberg និងក្រុមហ៊ុន Facebook បានប្រឈមនឹងការរិះគន់ជាខ្លាំងជុំវិញការចោទប្រកាន់ថា បណ្តាញសង្គមដ៏ធំមួយនេះ អនុញ្ញាតឲ្យមានហើយកេងចំណេញ ពីការឃោសនាមិនពិតពាក់ព័ន្ធផ្នែកនយោបាយ។ កំឡុងពេលមួយខែនេះ លោក Mark Zuckerberg បានផ្តល់បទសម្ភាសន៍ជាមួយ បណ្តាញសារព័ត៌មានជាច្រើនរួមមាន Fox News និង NBC ព្រមទាំងថ្លែងសុន្ទរកថានៅតាមសាកលវិទ្យាល័យ និងផ្តល់សក្ខីកម្មនៅចំពោះមុខសភាអាមេរិក អំពីទស្សនៈរបស់លោកដែលថា Facebook គួរមានគោលការណ៍ដែលសំដៅលើកកម្ពស់ សេរីភាពនៃការបញ្ចេញមតិ។

ដោយឡែក លោក Jack Dorsey នាយកប្រតិបត្តិ Twitter បានប្រាប់ថា ក្រុមហ៊ុនលោកនឹងប្រកាសជាផ្លូវការ នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ អំពីការហាមលែងឲ្យមានការឃោសនា និងផ្សព្វផ្សាយផ្នែកនយោបាយគ្រប់គ្រងទម្រង់ទាំងអស់ នៅលើបណ្តាញសង្គមនេះ។ បច្ចុប្បន្ន Facebook កំពុងតែនាំមុខគេខាងវិស័យផ្សព្វផ្សាយលក្ខណៈឌីជីថល ប៉ុន្តែការឃោសនាផ្សព្វផ្សាយផ្នែកនយោបាយ គឺប្រភពចំណូលដ៏តូចមួយប៉ុណ្ណោះសម្រាប់ទាំង Facebook និង Twitter៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ