ប្រាសាទបុរាណរបស់ជប៉ុនដែលមានអាយុកាលជាង ៦០០ឆ្នាំ ត្រូវបានអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុង។
យោងតាមសារព័ត៌មានក្នុងតំបន់ឲ្យដឹងថា អគ្គីភ័យបានឆាបឆេះប្រាសាទ Shuri កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍នេះ។ ក្រុមពន្លត់អគ្គីភ័យ បានមកដល់កន្លែងកើតហេតុនៅវេលាម៉ោង ២:៤០នាទីយប់ ហើយកំពុងបន្ដព្យាយាមពន្លត់ភ្លើងរហូតដល់ព្រឹកព្រលឹម។ យ៉ាងណាមិញ មកទល់ពេលនេះ គេនៅមិនទាន់ដឹងថាមានអ្នករងរបួសឬអត់ទេ ខណៈពេលដែលមូលហេតុបណ្ដាលឲ្យភ្លើងឆេះ នៅមិនទាន់រកឃើញនៅឡើយ។
គួរឲ្យដឹងថា ប្រាសាទ Shuri ត្រូវបានសាងសង់ឡើងកាលពីសតវត្សទី ១៤ ក្នុងអាណាខេត្ត Okinawa ហើយបានជាប់ជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតផង។ ប្រាសាទនេះ ត្រូវបានបែងចែកជាសំណង់ ៥អគារ ហើយអគ្គីភ័យបានចាប់ផ្ដើមពីសំណង់កណ្ដាល និងកំពុងរាលដាលទៅកាន់ផ្នែកផ្សេងទៀតនៃប្រាសាទ៕