ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយគេប្រទះឃើញថា នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Huawei លោក Ren Zhengfei បានប្រើផលិតផល iPad របស់ក្រុមហ៊ុន Apple អំឡុងពេលគាត់កំពុងឆែកអីវ៉ាន់នៅឯព្រលានយន្ដហោះ។ រូបភាពនោះត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមចិន ព្រោះថានរណាក៏គេដឹងដែរថា Huawei គឺជាគូប្រជែងធំបំផុតមួយរបស់ Apple ហើយក្រុមហ៊ុនយក្សចិនមួយនេះក៏មានឧបករណ៍ចល័ត MediaPads ដែលដូចគ្នានឹង iPad របស់ក្រុមហ៊ុនអាមេរិកនេះផងដែរ។
បើយោងតាម SCMP បានឱ្យដឹងថា លោក Zhengfei បាននិយាយដោយបើកចំហអំពីភាពស្និទ្ធស្នាលរបស់ក្រុមគ្រួសាររបស់គាត់ចំពោះផលិតផល Apple ។ ដោយគាត់និយាយថា “កូនៗរបស់គាត់ចូលចិត្តប្រើផលិតផល Apple ជាង Huawei” ហើយបន្ថែមថា គាត់តែងតែទិញផលិតផល Apple ឱ្យកូនៗរបស់គាត់ ហើយគាត់មិនដែលគិតថា ជាមេ Huawei គួរតែងប់ជាមួយផលិតផលរបស់ Huawei នោះទេ។ ម៉្យាងទៀតសូម្បីតែប្រធានមន្រ្តីហិរញ្ញវត្ថុអ្នកស្រី Meng Wanzhou ក៏ប្រើ iPhone, iPad និង MacBook នៅពេលដែលគាត់ត្រូវបានគេចាប់ខ្លួននៅឯកាណាដា។
លោក Ren Zhengfei ក៏បានប្រាប់ទៅទីភ្នាក់ងារព័ត៌មាន Bloomberg ថា “Apple គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោក។ ប្រសិនបើគ្មាន Apple ទេនោះ នឹងមិនមានអ៊ិនធឺណេតចល័តទេ។ ប្រសិនបើគ្មានក្រុមហ៊ុន Apple ជួយបង្ហាញពិភពលោកដល់យើងទេ យើងនឹងមិនបានឃើញភាពស្រស់ស្អាតនៃពិភពលោកនេះទេ។ Apple គឺជាគ្រូរបស់ខ្ញុំ វាកំពុងជឿនលឿននៅចំពោះមុខយើង។ ក្នុងនាមជាសិស្សហេតុអ្វីខ្ញុំគួរប្រឆាំងគ្រូរបស់ខ្ញុំ? ខ្ញុំនឹងមិនធ្វើដូច្នេះទេ” ៕