យល់ដឹង៖ មកដល់ពេលនេះ មាននារីខ្មែរជាង៨ពាន់នាក់ហើយ ដែលបានរៀបការជាមួយបុរស កូរ៉េខាងត្បូង

រហូតមកដល់ពេលនេះមាននារីខ្មែរជាង៨ពាន់នាក់ហើយបានរៀបការជាមួយបុរសកូរ៉េខាងត្បូង តែជិតពាក់កណ្តាលនៃចំនួននោះ ក៏បានលែងលះគ្នាទៅវិញ។ នេះបើយោងតាមតួដែលលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូងទទួលបានត្រួសៗ។

ការលែងលះគ្នាមានចំនួនច្រើនបែបនេះមិនមែនកើតឡើងចំពោះតែនារីខ្មែរទេ វាជាចរន្តទូទៅក្នុងសង្គមបុរសកូរ៉េ ដែលយកប្រពន្ធបរទេស។

មន្រ្តីការទូត និងអ្នកសាព័ត៌មានកូរ៉េបាននិយាយថា ការលែងលះគ្នាភាគច្រើនកើតឡើងដោយកតា្តវប្បធមកូរ៉េដែលតម្រូវឱ្យប្រពន្ធត្រូវតែចេះនិយាយភាសាកូរ៉េ ត្រូវតែរៀបចំម្ហូបអាហារឱ្យប្តីទាំងពេល (ព្រឹក ថ្ងៃនិងល្ងាច) និងត្រូវជួយមើលថែទាំឪពុកម្តាយក្មេក ។ល។ ទាំងនេះ ជាការដើរបញ្ច្រាស់ទៅនឹងទម្លាប់រស់នៅបែបថ្មីរបស់នារីអាស៊ីមួយចំនួននាពេលបច្ចុប្បន្នដែលគេចូលចិត្តទៅញាំអាហារនៅខាងក្រៅឬចង់មានសេរីភាពគ្រួសារជាងមុន។

ជុំវិញការរកប្រពន្ធបរទេសនេះ រដ្ឋាភិបាលកូរ៉េបានបង្ហើបឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ នារីវៀតណាមកំពុងពេញនិយម ដែលក្នុងមួយៗឆ្នាំមាននារីវៀតណាមប្រហែល៦ពាន់នាក់បានរៀបការជាមួយបុរសកូរ៉េ។

បើយើងមើលមួយភ្លែតហាក់ដូចជាសំណាងរបស់នារីបរទេសទាំងនោះ រួមទាំងនារីខ្មែរផង តែការពិតមិនមែនសុទ្ធតែសំណាងនោះទេ វាជារឿងអភ័ព្វទៅវិញក៏ថាបាន។

តាមការស្ទង់មតិទៅលើនារីជាប្រពន្ធចំនួន៩២០នាក់ នៅឆ្នាំ២០១៨ កន្លងមកនេះ បានបង្ហាញថា ៤២%សុទ្ធតែឆ្លងកាត់អំពើហឹង្សារក្នុងគ្រួសារដែលបង្កដោយប្តី។ ហើយថ្មីៗនេះ អំពើហឹង្សារលើប្រពន្ធជាស្រ្តីវៀតណាមអាយុ៣៦ឆ្នាំនៅចំពោះមុខកូនបានធ្វើឱ្យរដ្ឋាភិបាលកូរ៉េត្រូវបង្ខំចិត្តចេញបញ្ញតិថ្មីមួយហាមមិនឱ្យបុរសកូរ៉េដែលមានប្រវត្តិប្រើអំពើហឹង្សារលើប្រពន្ធអាចរៀបការជាមួយនារីបរទេសថ្មីទៀតឡើយ។

ទន្ទឹមនឹងបំរាមខាងលើ រដ្ឋាភិបាលកូរ៉េក៏បានបិទភ្នែកម្ខាងឱ្យប្រុសៗរបស់ខ្លួនមានឱកាសយកប្រពន្ធបរទេសដើម្បីបង្កើតកូនឱ្យបានច្រើនក្នុងបំណងរក្សាតុល្យភាពកំណើនមនុស្សថ្មីជំនួសមនុស្សចាស់ ។

បច្ចុប្បន្នប្រទេសកូរ៉េខាងត្បូងកំពុងជួបបញ្ហាសង្គមពីរ៖ ទីមួយចំនួននារីច្រើនជាងបុរស ពួកគេមិនចង់រៀបការហើយក៏មិនចង់មានកូនដែរ។ ទីពីរ បុរសកូរ៉េនៅតាមជនបទពិបាកសុំស្នេហ៌ពីនារីសាសន៌ដូចគ្នាដោយសារគម្លាតចំណេះដឹង ការងារ និងប្រាក់ចំណូល។ កត្តានេះហើយដែលធ្វើឱ្យបុរសកូរ៉េភាគច្រើននៅជនបទត្រូវអេ (កម្លោះព្រៅ) ដូច្នេះហើយទើបពួកគេបែរទិសដៅរកនារីបរទេសរហូតធ្លាយដល់អឺរ៉ុបខាងកើតឲ្យតែយកបាន។

ក្រៅពីកត្តាខាងលើ បុរសកូរ៉េក៏តែងសម្លឹងរកនារីបរទេសដោយសារចំណាយតិច អស់ជាងមួយម៉ឺនដុល្លារបានប្រពន្ធមួយ បើប្រៀបធៀបការរៀបអាពាហ៌ពិពាហ៍ជាមួយនារីកូរ៉េគ្នាឯងត្រូវចំណាយជាមធ្យមជិត១០ម៉ឺនដុល្លារឯណោះ។

ដោយឡែកចំពោះនារីកូរ៉េរកប្តីបរទេសវិញ បើយោងតាមតួរលេខឆ្នាំ២០១៧ បុរសចិនមានសំណាងបាននារីកូរ៉េច្រើនជាងគេ បន្ទាប់មកមាន អាមេរិក កាណាដា ជប៉ុន និងអូស្រ្តាលី ។ បុរសខ្មែរមានចំនួនតិចតួចណាស់ ប្រហែលជាមិនទាន់ជាប់ក្រសែភ្នែកនារីកូរ៉េនៅឡើយក៏ថាបាន ឬមួយក៏នារីកូរ៉េមិនមែនជាជម្រើសរបស់បុរសខ្មែរក៏មិនដឹង។

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ