នៅទីបំផុត Apple បានប្រកាសចេញកាស AirPods Pro ដែលលេចឮដំណឹងយូរមកហើយ។ កាសថ្មីនេះមានតម្លៃ ២៤៩ ដុល្លារនៅសហរដ្ឋអាមេរិក ហើយមានលក់ចាប់ពីថ្ងៃទី ៣០ ខែតុលានេះ។
AirPods Pro នេះមិនមែនជាអ្នកជំនួសតំណែងរបស់ AirPods នោះទេ ប៉ុន្តែវាជាប្រភេទ Premium មួយនៃកាស AirPods ធម្មតា។ មុខងារសំខាន់លើ AirPods Pro គឺមុខងារទប់សំឡេងរំខាន, ការឌីហ្សាញធន់នឹងទឹកកម្រិត IPX4 និងមុខងារគួរឲ្យចាប់អារម្មណ៍ដទៃទៀត។
កាស AirPods Pro នេះក៏មាននូវ Pressure Sensitive ដែលអ្នកអាចច្របាច់វាដើម្បីដំណើរការមុខងារមួយចំនួន។ អ្នកអាចចុចឲ្យជាប់ដើម្បីប្ដូរពីមុខងារទប់សំឡេងទៅ Transparency Mode, អាចចុចម្ដងដើម្បីចាក់ចម្រៀងឬផ្អាក, ចុចពីរដងដើម្បីប្ដូរបទចម្រៀងទៅមុខ និងចុចបីដងដើម្បីប្ដូរថយក្រោយវិញ។
ចំពោះថាមពលថ្មរបស់ AirPods Pro គឺស្រដៀងនឹង AirPods ដែរ។ អ្នកអាចស្ដាប់ចម្រៀងបាន ៤,៥ ម៉ោង ពេលបើកមុខងារទប់សំឡេងរំខាន និងបាន ៥ ម៉ោងពេលបិទមុខងារ។ ហើយការនិយាយទូរសព្ទគឺទប់ទល់បាន ៣,៥ ម៉ោង ពេលបើកមុខងារទប់សំឡេង។ ប្រអប់នៃកាសអាចផ្ដល់ថាមពលថ្មបានបន្ថែម ដែលដំឡើងរយៈពេលស្ដាប់ចម្រៀងដល់ ២៤ ម៉ោង និងការនិយាយទូរសព្ទ ១៨ ម៉ោង។ ប្រអប់កាសនេះដែរគឺអាចសាកថ្មដោយមិនប្រើខ្សែ៕