(ភ្នំពេញ)៖ លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានអំពាវនាវដល់អ្នកពូកែ បាញ់ក្រៅផ្លូវការ ចូលរួមប្រកួតលើទីលាន ដើម្បីបញ្ចេញសមត្ថភាពពិតប្រាកដ ចៀសវាងការបាញ់បោះសេរី ឬកុំបានតែបាញបង្អួតស្រីស្នេហ៍ ដែលនាំឲ្យអស់បុណ្យស័ក្ដិ។ លោកបានថ្លែងបែបនេះ នៅក្នុងពិធីបើកការប្រកួត កីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកជាតិ ឆ្នាំ២០១៩ នៅទីលានកងពលតូចទ័ពពិសេសឆត្រយោង ៩១១ កាលពីព្រឹកមិញ។
លោកបន្ដថា ការប្រកួតថ្នាក់ជាតិនេះ គឺជាការរួមចំណែកពង្រឹងនូវបទបញ្ជា និងវិន័យ ក្នុងការប្រើប្រាស់អាវុធ ដោយការអញ្ជើញអ្នកមានទេពកោសល្យពិតប្រាកដ មានទាំងសមត្ថកិច្ចផងមកចូលរួម។ លើសពីនេះ សហព័ន្ធក៏កំពុងចម្រាញ់អ្នកពូកែបាញ់ និងមានទេពកោសល្យពិតប្រាកដ ចេញពីមហាជន និងជនស៊ីវិលមក ចូលរួមប្រកួតលើទីលានដែរ ដើម្បីលុបបំបាត់ការបាញ់ប្រសេកប្រសាច់ ឬបានតែបាញ់សម្លុតប្រពន្ធ សម្លុតម៉ៃក្មេក និងបាញ់បង្ហាញស្រីស្នេយ៍ នៅតាមខារ៉ាអូខេជាដើម។
ប្រធានសហព័ន្ធខាងលើ និយាយថា «ថ្ងៃនេះយើងចូលរួម យើងផ្សព្វផ្សាយ អ្នកដែលពូកែបាញ់ មានទេព កោសល្យ ហើយចង់បាញ់ គឺមកទីនេះ កុំទៅបាញ់តាមផ្លូវសាធារណៈ បាញ់តាមខារ៉ាអូខេបង្អួតស្រីស្នេយ៍ អាហ្នឹង ៥នាទី ១០នាទីមិនទាន់ទេ សមត្ថកិច្ច នឹងទៅអញ្ជើញហើយ។ ចឹងកន្លែងនេះ គឺជាកន្លែងយើងបង្ហាញ ស្នាដៃ និងអាចទទួលបានកិត្តិយស កេរ្ដិ៍ឈ្មោះពិតប្រាកដ ហើយបើយើងពូកែពិប្រាកដមែន ក្រោយឈ្នះ ជើងឯកជាតិ យើងនឹងរៀបចំបញ្ជូនទៅចូលរួមប្រកួតជាបណ្ដាប្រទេសផ្សេងៗទៀតផង»។
ចំពោះការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកជាតិ ឆ្នាំនេះ២០១៩ គ្រោងនឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៧ ខែតុលាចុងសប្ដាហ៍នេះ ដោយមានកីឡាករ-កីឡាការិនី ៧៧នាក់ មកពីសមាគម/ក្លឹបចំនួន ៩ ចូលរួម។ ចំពោះវិញ្ញាសាប្រកួតមាន ៣ គឺវិញ្ញាសាកាំភ្លើងខ្លី 22Long (បាញ់ចម្ងាយ ២៥ម៉ែត្រ), វិញ្ញាសាកាំភ្លើងវែង 22Long (បាញ់ចម្ងាញ ៥០ម៉ែត្រ) និងវិញ្ញាសាកាំភ្លើងខ្លីកម្លាំង 9mm (បាញ់ចម្ងាយ ២៥ម៉ែត្រ)៕