អ្នកលេងគុនខ្មែរចិត្តសឿង កែវ រំចង់ ត្រូវមានភារកិច្ចសំខាន់មួយទៀតហើយ គឺទៅផ្សព្វផ្សាយគុនខ្មែរលើទឹកដីបារាំង ទីក្រុងប៉ារីស នាខែវិច្ឆិកា ២០១៩ ខាងមុខនេះ។
បើតាមការឲ្យដឹងពីលោក Matias Andres ដែលជាតំណាងដឹកនាំកីឡាករ (The Riel Team Promotions ) លើកឡើងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ២០១៩ ខាងមុខនេះ អ្នកប្រដាល់ជួរមុខរបស់កម្ពុជាគឺកីឡាករ កែវ រំចង់ នឹងចូលរួមក្នុងការប្រកួតមួយនៅឯទីក្រុងប៉ារីស ប្រទេសបារាំង។
បរទេសស្រឡាញ់គុនខ្មែរខាងលើនេះលើកឡើងបន្តថា មិនត្រឹមតែ កែវ រំចង់ នោះទេ The Riel Team Promotions នឹងព្យាយាមនាំកីឡាករខ្លាំងៗរបស់កម្ពុជាផ្សេងទៀត ដើម្បីបានចេញទៅប្រកួតផ្សព្វផ្សាយពីក្បាច់គុនរបស់ខ្មែរ ក៏ដូចជាបង្កើនជីវភាពគ្រួសាររបស់ពួកគេផងដែរ។
បញ្ជាក់ដែរថា ជើងខ្លាំងគុនខ្មែរមកពីខេត្តបាត់ដំបង កែវ រំចង់ នឹងត្រូវប៉ះកីឡាករ Omar Shamb ថ្ងៃទី២៤ វិច្ឆិកា ២០១៩ នៅឯទឹកដីបារាំង ក្នុងទីក្រុង ប៉ារីស។ ការប្រកួតនេះដឹកនាំដោយក្រុម The Riel Team Promotions៕