Mazda MX-30 គឺជារថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធដំបូងគេរបស់ក្រុមហ៊ុនជប៉ុន ដែលវាមានរចនាបថទាក់ទាញភ្នែកបំផុត។
MX-30 មានរចនាបថទាន់សម័យ បំពាក់ទ្វារដែលប្លែកដូចជាបានបំពាក់លើរថយន្តស្ព័រម៉ូដែល RX-8 របស់ខ្លួនអ៊ីចឹងដែរ។ និយាយអំពីលក្ខណៈសម្បត្តិគ្រឿងម៉ាស៊ីនវិញ រថយន្តនេះមានម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ១៤១ សេះ ដែលបានថាមពលពីអាគុយទំហំ ៣៥,៥ គីឡូវ៉ាត់ម៉ោង ដោយរំពឹងថាជិះបានចម្ងាយប្រមាណ ២០០ គីឡូម៉ែត្រ។
នៅផ្នែកខាងក្នុង Mazda MX-30 មានបំពាក់នូវអេក្រង់ Touch មួយទំហំ ៧ អ៊ីញ ដែលអាចប្រើបញ្ជាម៉ាស៊ីនត្រជាក់ (ជាលើកដំបូងសម្រាប់រថយន្ត Mazda) និងមុខងារជាច្រើនទៀត។
Mazda គ្រោងនឹងចាប់ផ្ដើមបញ្ចេញលក់ម៉ូដែល MX-30 នេះនៅអំឡុងចុងឆ្នាំក្រោយនៅជប៉ុន ហើយនៅអឺរ៉ុបអាចនឹងមានលក់នៅដើមឆ្នាំ ២០២១៕