អង់គ្លេស៖ បុរសវ័យ ៣៨ឆ្នាំ ម្នាក់បានចងកសម្លាប់ខ្លួន នៅពេលដែលគាត់មិនអាចទ្រាំទ្រនឹងការឈឺចាប់ ដែលបណ្តាលមកពីធ្មេញថ្គាមទាល់របស់គាត់។ យោងតាម Daily Mail បុរសនោះឈ្មោះថា Anthony Hoskins មកពី Southampton បានចាប់ផ្តើមឈឺធ្មេញធ្ងន់ធ្ងរ កាលពីខែមករា ហើយគាត់ក៏បានទៅជួបពេទ្យធ្មេញ ប៉ុន្តែគ្មានការណាត់វះកាត់ធ្មេញថ្គាមទាល់ណាមួយត្រូវបានធ្វើឡើងនោះទេ។ ឈ្មោះរបស់លោកគឺនៅក្នុងបញ្ជីរង់ចាំយូរមកហើយ គឺក្នុងបញ្ជីមជ្ឈមណ្ឌលសេវាសុខភាពជាតិ (NHS) ដើម្បីរង់ចាំការដកធ្មេញ។ ក្រោយមកនៅក្នុងខែកុម្ភៈ ម្តាយរបស់ Anthony ឈ្មោះ Shirley បានចាប់ផ្តើមសន្សំប្រាក់ ដូច្នេះ Anthony អាចទទួលបានការព្យាបាល ដោយគាត់ត្រូវការប្រាក់ ១,៥០០ ផោន ឬប្រហែល ១,៩០០ ដុល្លារអាមេរិក។
ខណៈពេលរង់ចាំលេខរៀងដើម្បីដកធ្មេញរបស់គាត់ លោក Anthony ត្រូវបានគេចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំបំបាត់ការឈឺចាប់ជាងមុន ហើយបានផឹកស្រាវីស្គីមួយកែវរាល់យប់ ដើម្បីជួយឱ្យគាត់គេងលក់។ កាលពីខែមីនា គាត់បានប្រាប់ម្តាយរបស់គាត់ថា គាត់មានការឈឺចុកចាប់ខ្លាំងណាស់ ប៉ុន្តែនាងបានប្រាប់គាត់ថា នាងមានតែ ៩០០ផោន ហើយនឹងត្រូវការពេលពីរបីសប្តាហ៍ទៀតដើម្បីសន្សំមុនពេលពួកគេអាចធ្វើការព្យាបាលបាន។ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ប៉ូលីសបានទទួលការហៅទូរស័ព្ទពី Shirley ដោយនិយាយថា Anthony បានបាត់ខ្លួន ដោយសារជាធម្មតាកូនប្រុសរបស់គាត់តែងតែទៅលេងគាត់រាល់សប្ដាហ៍។
ក្រោយមកប៉ូលីសក៏បានស្វែងរកគាត់ឃើញ ដោយគាត់បានសម្លាប់ខ្លួនដោយការចងកនៅក្នុងបន្ទប់ជួលរបស់គាត់។ ប៉ូលីសក៏បានរកឃើញថា គាត់បានដកលុយពីធនាគារហួសកំណត់រហូតដល់ ៣,០០០ ផោន ហើយធ្លាប់បានសុំកន្លែងធ្វើការថែមម៉ោងធ្វើការផងដែរ។ ចំណែកម្ដាយរបស់គាត់បានត្រឹមតែសោយស្ដាយ ហើយបាននិយាយថា កូនរបស់គាត់មិនដែលមានប្រវត្តិពិបាករឿងលុយនោះទេ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយគឺការដក់ធ្មេញថ្គាមទាល់នៅឯពេទ្យធ្មេញឯកជន មានតម្លៃថ្លៃស្មើនឹងបុណ្យសពរបស់គាត់បាត់ទៅហើយ។ ពោលគឺវាមានតម្លៃថ្លៃណាស់ ទើបពួកគេស្វែងរកសេវារដ្ឋ ប៉ុន្តែត្រូវចាំតាមវេន៕