មេដឹកនាំប្រទេសកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានបញ្ជាឲ្យកម្ទេចសណ្ឋាគារ និងអគារទាំងអស់ដែលសាងសង់ឡើងដោយកូរ៉េខាងត្បូងនៅតំបន់ទេសចរដ៏ល្បីល្បាញក្នុងប្រទេស។
យោងតាមសារព័តមានក្នុងតំបន់ឲ្យដឹងថាលោក គីមជុងអ៊ុន ចាត់ទុកសំណង់នៅភ្នំ Kumgang ដូចជាតង់សម្រាប់ជ្រកបណ្ដោះអាសន្នពីគ្រោះមហន្ដរាយ។ កាលពីមុន តំបន់នេះត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងបងប្អូនកូរ៉េទាំងពីរ។ ប៉ុន្តែក្រោយពេលដែលធ្វើទស្សនកិច្ចនៅទីនោះ មេដឹកនាំកូរ៉េខាងជើង និយាយថាវាជាការប្រសើរដែលទីតាំងនេះ ត្រូវបានគ្រប់គ្រងដោយគ្មានការចូលរួមពីរដ្ឋាភិបាលក្រុងសេអ៊ូល។ រមណីយដ្ឋានភ្នំ Kumgang ត្រូវបានសាងសង់ឡើងនៅទសវត្សឆ្នាំ ១៩៩០ ដោយក្រុមហ៊ុនកូរ៉េខាងត្បូងនៅលើភ្នំដែលមានទេសភាពស្រស់ស្អាតបំផុតនៅលើឧបទ្វីបនេះ។ ភ្ញៀវទេសចរកូរ៉េខាងត្បូងរាប់ពាន់នាក់ ត្រូវបានអនុញ្ញាតឱ្យចូលទស្សនាតំបន់នេះក្រោមការគ្រប់គ្រងយ៉ាងតឹងរឹង ប៉ុន្តែទេសចរត្រូវបានផ្អាកភ្លាមៗក្នុងឆ្នាំ ២០០៨ បន្ទាប់ពីស្រ្តីម្នាក់ត្រូវបានឆ្មាំកូរ៉េខាងជើងបាញ់សម្លាប់។
ជាមួយគ្នាដែរ ការលើកឡើងរបស់លោក គីម ជុងអ៊ុនត្រូវបានគេមើលឃើញថាជាការសង្កត់ធ្ងន់លើការផ្ដល់អទិភាពលើ “ភាពខ្លួនទីពឹងខ្លួន” ដើម្បីភាពជោគជ័យរបស់កូរ៉េខាងជើង៕