ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា យុវជនម្នាក់ បានយកភ្លើងដុតផ្ទះឪពុកខ្លួនឯង បណ្តសលឲ្យឆេះខ្ទេចទាំងស្រុង នៅម៉ោងប្រមាណ ៧ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិ បត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
លោក ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា យុវជនអកតញ្ញូខាងលើ ឈ្មោះ ធៀម ធារ៉ា ហៅ អួង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។ យុវជនទំនើងរូបនេះ បានដុតផ្ទះឪពុកខ្លួនឯង ឈ្មោះ ធៀម វី អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅទីកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា មូលហេតុបឋម ដែលបណ្តាលឲ្យយុវជនទំនើងរូបនេះ ដុតផ្ទះឪចោលខ្លួនឯងចោល ទំនងជាមានសតិមិនសូវល្អ ឬអាចថា បែកថ្នាំ ហើយបានខឹងរករឿងឪពុករបស់ខ្លួន។
សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បញ្ជាក់ថា ផ្ទះត្រូវភ្លើងឆេះនេះ ធ្វើពីឈើប្រកស័ង្កសី មានទំហំ៥,៥០ម៉ែត្រ គុណ ៦ម៉ែត្រ ត្រូវភ្លើងឆេះអស់ទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះគិតជាទឹកប្រាក់ចំនួន ៣៥០០ដុល្លារអាមេរិក។ ពិសេសជាងនេះ ក៏បានឆេះលុយត្រៀមទុក សម្រាប់សាងសង់ផ្ទះថ្មី អស់ចំនួន ១ម៉ឺន ២ពាន់ដុល្លារថែមទៀត។
បច្ចុប្បន្ននេះ យុវជនអកតញ្ញូ ឬយុវជនបង្កហេតុខាងលើនេះ ត្រូវបាននគរបាល ចាប់ឃាត់ខ្លួន និងនាំទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីឈានទៅកសាងសំណុំរឿងអនុវត្តន៍នីតិវិធីជាបន្តទៀត៕