Google បានប្រកាសកាលពីសប្ដាហ៍កន្លងទៅថា អ្នកប្រើប្រាស់កម្មវិធី Google Maps នៅលើ Android ឬ iOS នឹងអាចរាយការណ៍អំពីហេតុការណ៍ណាមួយបាន រួមមានការចាប់ល្បឿនរថយន្ត, គ្រោះថ្នាក់ចរាចរណ៍, ស្ទះចរាចរណ៍, ការបិទផ្លូវ និងអំពីវត្ថុរាំងស្ទះផ្លូវ ដែលចាប់ផ្ដើមបញ្ចេញឲ្យប្រើជាបណ្ដើរៗហើយចាប់ពីពេលនេះ។
កន្លងមកមុខងារទាំងនេះគឺគេធ្លាប់ឃើញលើកម្មវិធី Waze ដែលកាន់កាប់ដោយ Google ដូចគ្នា ហើយវាទទួលបានរិះគន់យ៉ាងចាស់ដៃពីសំណាក់អង្គភាពប៉ូលិស ដោយសារកម្មវិធីនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចែករំលែកទីតាំងរបស់ប៉ូលិសធ្វើការ។
អ្នកនាំពាក្យរបស់ Google បាននិយាយថា ក្រុមហ៊ុនជឿជាក់ថាមុខងារថ្មីនឹងជួយឲ្យដងផ្លូវកាន់តែសុវត្ថិភាពដោយយល់ឃើញថា ការប្រាប់អ្នកបើកបរអំពីការចាប់ល្បឿននៅខាងមុខ អាចឲ្យពួកគេមានការប្រុងប្រយ័ត្នបន្ថែម និងធ្វើការសម្រេចចិត្តដោយសុវត្ថិភាពបានល្អជាងមុន ពេលបើកបរលើដងផ្លូវ៕