Arsenal ចាញ់​ជា​លើក​ទី២ នៅ PL រដូវកាល​នេះ ក្រោម​ថ្វីជើង​របស់ Sheffield

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានរងបរាជ័យជាលើកទី២ ក្នុង Premier League រដូវកាលឆ្នាំ២០១៩-២០២០ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះ Sheffield United ត្រឹមលទ្ធផល ១-០ បញ្ចប់សប្តាហ៍ទី៩ ជើងទី១ នាយប់មិញនេះ។

កីឡាករ Lys Mousset ជាអ្នកស៊ុតគ្រាប់ជ័យជម្នះឲ្យក្រុមម្ចាស់ផ្ទះនៅនាទីទី៣០ ដែលជាគ្រាប់ទី១ របស់គេផងដែរឲ្យ Sheffield នៅ PL នារដូវកាលនេះ ដើម្បីផ្តល់មេរៀនចាញ់ជាលើកទី២ ក្រៅដីសម្រាប់ក្រុមរបស់លោក Unai Emery ក្នុងចំណោមលេង ៩ប្រកួតមកនេះ ដោយខកខានឡើងលេខ៤ ក្នុងតារាងវិញផងដែរ ដោយបន្តឈរនៅលេខរៀងទី៥ ដោយមាន ១៥ពិន្ទុដដែល។

តាមរយៈរកបាន ៣ពិន្ទុក្នុងដីនេះដែរ វាបានក្លាយជាជ័យជម្នះដ៏ធំមួយរបស់ Sheffield គិតចាប់តាំងពីបានឡើងមកលេងនៅ Premier League រដូវកាលនេះទៅលើក្រុមខ្លាំងដូចជា Arsenal ក្នុងចំណោមជ័យជម្នះ ៣លើក រកបាន ១២ពិន្ទុ ឈរនៅលេខរៀងទី៩ បណ្តោះអាសន្ន នៅក្រៅតំបន់កាត់ចោលតែ ៤ពិន្ទុប៉ុណ្ណោះ។

១ប្រកួតបន្ទាប់របស់ Sheffield United នឹងត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះញញួរធំ West Ham United នៅរាត្រីថ្ងៃសៅរ៍នៅ Premier League ចុងសប្តាហ៍នេះ គ្រាដែលកាំភ្លើងធំ Arsenal ត្រូវបើកទ្វារកីឡដ្ឋាន Emirates ដើម្បីទទួលក្រុមមកពីព័រទុយហ្គាល់ Vitoria SC ក្នុងប្រកួតទី៣ នៃព្រឹត្តិការណ៍ UEFA Europa League នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ