ខេត្តព្រះសីហនុ៖ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រុមការងារជំនាញ បានចាប់ផ្តើមជួសជុលស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន ក្នុងខេត្តព្រះសីហនុជាបណ្តើរៗហើយ។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា មានផ្លូវចំនួន២៤ខ្សែ នឹងត្រូវជួសជុលស្ថាបនា ឲ្យបានល្អឡើងវិញ ក្នុងនោះកម្លាំងក្រុមការងារស្ថាបនា ក៏បានចុះធ្វើសកម្មភាព ក្រោមកិច្ចសហការពីអជ្ញាធរពាក់ព័ន្ធ។
របាយការណ៍ របស់រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញថា ក្រុមការងារនិងក្រុមហ៊ុន ដែលទទួលស្ថាបនាជួសជុលផ្លូវទាំង ២៤ខ្សែ ក្នុងក្រុងព្រះសីហនុខាងលើនេះរួមមាន៖
១- កងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន សៀមរាប ស្ថាបនាផ្លូវមហាវិថីជំទាវម៉ៅ ប្រវែង ៩.៣៦៥ម ចំនួន ០១ខ្សែ។
២- កងវិស្វកម្ម លេខ ១៧៨ ស្ពានថ្នល់ ស្ថាបនាវិថីឯករាជ្យ ប្រវែង ៥.៣៦៥ម ចំនួន ០១ខ្សែ។
៣- ក្រុមហ៊ុន ហេង សម្បត្តិ ស្ថាបនាមហាវិថីឆ្នេររាម, វិថីអូរត្រេះ, វិថីពូទ្បូវៃ, វិថី២ធ្នូ, វិថី២៨ មិថុនា ប្រវែងសរុប ២៣.៣៦០ម ចំនួន ០៥ខ្សែ។
៤- ក្រុមហ៊ុនរ៉ូយ៉ាល់មេគង្គ ស្ថាបនាមហាវិថីរាម លេខ ៤៥ និងវិថីមិត្តភាពកម្ពុជា-រុស្សី លេខ ៧០៥ ប្រវែងសរុប ១១.៦០៣ម ចំនួន ០២ខ្សែ។
៥- ក្រុមហ៊ុន សារជីវកម្ម ពិស្ណុការ ស្ថាបនាខ្សែផ្លូវលេខ ៤, ៦, ១២, ៧.១៧, ១៨. ១៩, ២០, ១១ ប្រវែងសរុប ១២.៥៧២ម. ចំនួន ០៩ខ្សែ។
៦- ក្រុមហ៊ុន SCE ស្ថាបនាវិថីចំណោតអូរត្រាវ លេខ ៤៩ ប្រវែងសរុប ៦.៥០៦ម ចំនួន ១ខ្សែ
៧- ក្រុមហ៊ុន VT ស្ថាបនាផ្លូវលេខ ១១៥, ១៣៥, ១០២, ១២៦, ៥០២ ប្រវែងសរុប ៥.៥៦២ម ចំនួន ០៥ ខ្សែ។
របាយការណ៍ដដែល បញ្ជាក់ថា គម្រោងស្ថាបនាផ្លូវ ក្នុងក្រុងព្រះសីហនុនេះ នឹងប្រើរយៈពេល ៨ខែ ដើម្បីស្ថាបនាជួសជុលឲ្យរួចរាល់ជាស្ថាពរ៕