Xiaomi QIN AI Life 4G គឺជាស្មាតហ្វូនខ្នាតតូចមួយដែល Xiaomi បានបង្ហាញចេញកាលពីអំឡុងខែកក្កដាកន្លងទៅ ដែលវាមានដាក់លក់លើទីផ្សារក្នុងតម្លៃ ៤៩៩ យ័ន ឬស្មើប្រមាណ ៧០ ដុល្លារ។
ថ្មីៗនេះគេប្រទះឃើញវីដេអូបើកប្រអប់របស់ QIN AI Life 4G ដែលបង្ហាញថាវាពិតជាមានរូបរាងទាក់ទាញ និងមានទំហំតូចខ្លាំងបំផុត។ ស្មាតហ្វូននេះមានទម្ងន់ ១០៥ ក្រាម មានវិមាត្រ ១៣២,៦៦ x ៥៥,៤ x ៨,៦ ម.ម។ អេក្រង់មានទំហំ ៥,០៥ អ៊ីញ អាចបង្ហាញរូបក្នុងកម្រិត ១៤៤០ x ៥៧៦ ភីកសែល ជាមួយមាត្រដ្ឋាន 22.5:9។
QIN AI Life 4G ដំណើរការដោយបន្ទះឈីប Spreadtrum SC9832E មាន RAM ១GB និងអង្គផ្ទុក ៣២GB។ វាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android Go 9.0 ដែលជាប្រព័ន្ធប្រតិបត្តិការផលិតឡើងសម្រាប់ទូរសព្ទតូចៗ។
លក្ខណៈសម្បត្តិផ្សេងទៀតមានដូចជាថ្មទំហំ ២១០០ mAh ដែលអាចសាកតាមរយៈ USB Type-C, ប្រព័ន្ធ Bluetooth 4.2, WiFi និងទ្រទ្រង់សេវា 4G ផងដែរ៕