• ប្រវត្តិរូបត្រួសៗ របស់ព្រះចៅអធិរាជជប៉ុនថ្មី Naruhito ដែលនឹងរៀបចំពិធីរាជាភិសេកនៅថ្ងៃស្អែក

    (តូក្យូ)៖ ព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានឡើងគ្រងរាជសម្បត្តិ Chrysanthemum Throne កាលពីថ្ងៃទី០១ ខែឧសភាកន្លងទៅ បន្ទាប់ពីព្រះបិតារបស់ទ្រង់ Akihito មានព្រះជន្ម៨៥ព្រះវស្សា បានសម្រេចព្រះទ័យដាក់រាជ្យ ដោយសារតែបញ្ហាព្រះរាជសុខភាព។

    ព្រះចៅ Akihito គឺជាព្រះចៅអធិរាជជប៉ុនទី១២៥ ហើយទ្រង់បានក្លាយជាព្រះចៅអធិរាជជប៉ុនដំបូងគេបំផុតដែលដាក់រាជ្យ ក្នុងរយៈពេលជាង២០០ឆ្នាំមកនេះ។ ចំណែកឯ ព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានចាប់ផ្ដើមរជ្ជកាល Reiwa របស់ ព្រះអង្គជាផ្លូវការក្នុងនាមជាព្រះចៅអធិរាជជប៉ុនទី១២៦ កាលពីថ្ងៃទី០៣ ខែឧសភា។

    ព្រះរាជពិធីសោយរាជ្យសម្បត្តិផ្លូវការ របស់ព្រះចៅអធិរាជថ្មីរបស់ជប៉ុន នឹងធ្វើឡើងតាមប្រពៃណីជប៉ុន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។

    * តើយើងដឹងអ្វីខ្លះពីព្រះចៅអធិរាជជប៉ុនថ្មី Naruhito?

    ព្រះចៅអធិរាជជប៉ុនថ្មី Naruhito ប្រសូតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៦០ ក្នុងទីក្រុងតូក្យូ ហើយទ្រង់ និងព្រះមហេសី Masako Owada សុទ្ធតែធ្លាប់បានបញ្ចប់ការសិក្សានៅឯក្រៅប្រទេស។ ព្រះអង្គ Naruhito ដែលមានព្រះជន្ម៥៩វស្សា បានបញ្ចប់ការសិក្សាផ្នែកបរិញ្ញាបត្រប្រវិត្តសាស្ត្រពីសាកលវិទ្យាល័យ Gakushuin នៅខែមីនា ឆ្នាំ១៩៨២។ លើសពីនេះ ទៅទៀត ទ្រង់ក៏បានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេសដែរ។

    រីឯព្រះមហេសី Masako ទទួលបានការអប់រំនៅសាកលវិទ្យាល័យ Harvard និង Oxford។ ព្រះអង្គទាំង២ បានរៀប អភិសេកនឹងគ្នានៅឆ្នាំ១៩៩៣ ហើយមានបុត្រីតែម្នាក់ប៉ុណ្ណោះគឺព្រះនាងម្ចាស់ Aiko ប្រសូត នៅឆ្នាំ២០០១។ ប៉ុន្តែបើ តាមជប៉ុន បុត្រីមិនអាចឡើងសោយរាជ្យបានទេ។

    ម្យ៉ាងវិញទៀត ព្រះចៅអធិរាជ Naruhito ក៏ត្រូវបានគេរំពឹងដែរថានឹងមានគំនិតយល់ឃើញដូចគ្នានឹងព្រះបិតារបស់ទ្រង់ ជុំវិញសង្រ្គាមលោកលើកទី២។ អតីតព្រះចៅអធិរាជ Akihito មិនដែលធ្វើការសូមទោសណាមួយចំពោះទង្វើកងទ័ពជប៉ុន បានប្រព្រឹត្តនៅអំឡុងសង្រ្គាមលោកលើកទី២នោះទេ ពីព្រោះច្បាប់ជប៉ុនបានហាមឃាត់ព្រះចៅអធិរាជ្យពីការធ្វើសេចក្ដី ថ្លែងការណ៍ខាងនយោបាយ។

    ដោយឡែក នៅអំឡុងពិធីថ្លែងព្រះរាជសារទៅកាន់ប្រជាជាតិជប៉ុន ព្រះចៅអធិរាជ Naruhito ក៏បានសន្យាផងដែរថាទ្រង់ធ្វើជានិមិត្តរូបនៃរដ្ឋ និងឯកភាពជាតិជប៉ុន។

    គួរជម្រាបថា កាលពីថ្ងៃពុធកន្លងទៅ ព្រះចៅអធិរាជ Naruhito បានស្នងរាជបល្ល័ង្ក ជ្រីសានថេម៉ាម (Chrysanthemum) ហើយការឡើងគ្រងរាជ្យរបស់ព្រះអង្គ គឺជាការបិទបញ្ចប់នូវសករាជ ឬរជ្ជកាលចាស់ហៅថា ហៃសី (Heisei) និងជាការបើកទំព័រសករាជថ្មីហៅថា រៃវ៉ា (Reiwa)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ