ស្រុកកណ្តាលស្ទឹង៖ ផ្នែកជំនាញនគរបាលខេត្តកណ្តាល បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី ដោយបញ្ជូនជនសង្ស័យម្នាក់ ដែលលួចសត្វមាន់ជល់៣ក្បាល ទៅតុលាការ ខណៈជនសង្ស័យ៣នាក់ទៀតរត់គេចខ្លួនអស់ ដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន។
ចាប់ជនសង្ស័យម្នាក់ លួចសត្វមាន់ នៅថ្ងៃទី ១៨ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២.០០នាទីយប់ នៅចំណុចភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះ អ៊ឹង គឹមស្រ៊ុន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កសិករជនជាតិខ្មែរ មានទីលំនៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ៤នាក់ ក្នុងនោះ សមត្ថកិច្ចបានឃាត់ខ្លួន១នាក់ ឈ្មោះ អ៊ី ម៉ាប់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករបូមខ្សាច់ ជនជាតិ ខ្មែរ មានទីលំនៅភូមិមាត់បឹងឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ឃាត់ខ្លួន ។ សមត្ថកិច្ច បានបញ្ជាក់ថា ជនរូបនោះ ជាមុខសញ្ញាសកម្ម ។ ចំណែកជនសង្ស័យ៣នាក់ទៀត ដែលកំពុងគេចខ្លួន ហើយសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ឈ្មោសំរ៉ុង មឿនភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ ពុំពិតប្រាកដ រស់នៅភូមិដូនវង្ស ឃុំទ្រា ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។ ៣-ឈ្មោះ សុន សុភាភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ ពុំពិតប្រាកដរស់នៅភូមិដូនវង្ស ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ឈ្មោះ នី សុខរ៉ា ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរ ពុំពិតប្រាកដរស់នៅភូមិទួលកំរៀង ឃុំថ្មី ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ជាមុខសញ្ញាសកម្ម ។
ក្នុងពេលចាប់ខ្លួនជនសង្ស័យនោះ សមត្ថកិច្ចដកហូតវត្ថុតាង សត្វមាន់ចំនួន២ក្បាល ១-មាន់គក១ក្បាលសម្បុរ សលាយ ក្រហម និងមាន់ឈ្មោលស្ទាវ១ក្បាលសម្បុរស លាយខ្មៅ ។
នគរបាលបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យទាំង៤នាក់ បានជិះម៉ូតូ២គ្រឿងចេញពីផ្ទះ ទៅផ្ទះឈ្មោះអ៊ុន ប៊ុនធីភេទ ប្រុស នៅភូមិត្រពាំងបារគូឃុំ ត្រពាំងវែងស្រុកកណ្តាលស្ទឹង ដើម្បីលួចមាន់ចំនួន៣ក្បាល គឺមាន់គក២ក្បាល និងមាន់ឈ្មោល ស្ទាវ១ក្បាល ដែលជនរងគ្រោះយកមកផ្ញើឲ្យជួយចិញ្ចឹមរយៈពេល៥ខែមុន ពេលលួចមាន់ជនសង្ស័យឈ្មោះអ៊ី ម៉ាប់ បានយកមាន់ គក១ក្បាលមកក្រុងទុកនៅផ្ទះខ្លួន ចំណែកមាន់២ក្បាលទៀត ជនសង្ស័យឈ្មោះនី សុខរ៉ា មកក្រុងទុកនៅផ្ទះបងឈ្មោះឌី ដែលជាផ្ទះគ្មានមនុស្សរស់នៅ។
បន្ទាប់មកនៅវេលាម៉ោង៦ព្រឹក នាថ្ងៃដដែលឈ្មោះអ៊ុន ប៊ុនធី ដឹងថា បាត់មាន់គក៣ក្បាល ក៏ទៅប្រាប់ជនរងគ្រោះហើយនាំគ្នា ដើររកមាន់ឃើញនៅផ្ទះជនសង្ស័យឈ្មោះអ៊ី ម៉ាប់ ១ក្បាល និងឃើញនៅផ្ទះឈ្មោះឌី២ក្បាល តែមាន់គក១ក្បាល ជនសង្ស័យឈ្មោះនី សុខរ៉ា បានទុកនៅលើផ្ទះរួចចាក់សោជាប់ រីមាន់ឈ្មោលស្ទាវទុកក្រោមផ្ទះ។ បន្ទាប់មកជនរង គ្រោះ បានប្តឹងនគរបាលឃាត់ខ្លួនបាន១នាក់ ឈ្មោះអ៊ី ម៉ាប់ រីឯជនសង្ស័យ៣នាក់ទៀតរត់គេចខ្លួនអស់ ។ ផ្នែកជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕