ក្រុមស្រាវជ្រាវរបស់កូរ៉េខាងត្បូងមួយក្រុមបានបង្កើតបច្ចេកវិទ្យាថ្មីមួយ ដោយការផលិតថង់ប្លាស្ទិចធ្វើពីសំបកក្ដាម ដែលងាយនឹងរលួយ និងអាចបំផ្លាញបាន។ វិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាកូរ៉េ (KRICT) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមស្រាវជ្រាវមួយដឹកនាំដោយវេជ្ជបណ្ឌិត Oh Dong-yeop, វេជ្ជបណ្ឌិត Hwang Seong-yeon និងវេជ្ជបណ្ឌិត Park Jae-young បានបង្កើតថង់ប្លាស្ទិច ដែលអាចបំលែងបានទៅវិញយ៉ាងងាយ ហើយថែមទាំងរឹងមាំ និងមានភាពធន់។ ការពិសោធន៍ក៏បានបង្ហាញថា ថង់ប្លាស្ទិចដែលពួកគេផលិតឡើង គឺរលួយទាំងស្រុងក្នុងរយៈពេលប្រាំមួយខែ។
ដំបូងឡើយក្រុមអ្នកស្រាវជ្រាវបានផលិតជីវម៉ាសប្លាស្ទិចនេះ ដោយការផ្សំជាមួយ ម៉ូណូម៊ែរ (មានមូលដ្ឋានលើកាកសំណល់កសិកម្ម biomass) ដែលចេញពីអំពៅ ពោត ឈើ និងចំបើង បូករួមជាមួយ ម៉ូណូម៊ែរ ចេញពីប្រេង។ ប៉ុន្តែកាលនោះក្រុមសង្កេតឃើញថា ថង់នោះមិនមានភាពធន់ទេ។ ដូច្នេះហើយទើបក្រោយមកពួកគេអាចសម្រេចលទ្ធផលថ្មី ដោយការចូលរួមបន្ថែមពីកម្ទេចឈើ និងសំំបកក្ដាម ដែលធ្វើឱ្យថង់អាចមានភាពធន់ ប៉ុន្តែនៅតែងាយស្រួលរលួយ។
ថង់ប្លាស្ទិកថ្មីនេះមានកម្លាំងខ្លាំងពី ៦៥-៧០ មេហ្គាប៉ាស្កាល់ (megapascals) ដែលលើសពីកម្លាំងតង់ស៊ីតេមធ្យម (៤០មេហ្គាប៉ាស្កាល់) នៃវត្ថុធាតុដើមប្លាស្ទិចធម្មតាៗជាច្រើនទៀត ដូចជា ប៉ូលីប្រភីលែន និងប៉ូលីមែរ (polypropylene / Polymer) ។ វារឹងមាំដូចនីឡុងដែលប្រើក្នុងឆ័ត្រយោង និងខ្សែក្រវ៉ាត់សុវត្ថិភាព។ ពួកគេក៏សង្ឃឹមថា វត្ថុធាតុដើមប្លាស្ទិចដែលពួកគេរកឃើញ នឹងត្រូវបានប្រើនៅផ្សារទំនើប ហាងកាហ្វេ និងអ្នកលក់ផ្សេងទៀត ជំនួសឱ្យវត្ថុធាតុដើមពីមុន ដែលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន៕