តាំងពីបង្កើតឡើងនៅឆ្នាំ១៩០១មក ពានណូបែលសន្តិភាពរកឃើញជើងឯកចំនួន ១០០រូបហើយ គិតត្រឹមឆ្នាំ២០១៩នេះ។ អំឡុងពេលនោះមានបុគ្គល និងស្ថាប័នជាច្រើន ត្រូវបានជាប់ជាបេក្ខភាពក្នុងពាននេះ ដោយក្នុងនោះក៏មានមេដឹកនាំអាល្លឺម៉ង់ណាហ្ស៊ីលោក Adolf Hitler ផងដែរ។
បេក្ខភាពរបស់លោកត្រូវបានស្នើដោយសមាជិកសភាស៊ុយអែតលោក Erik Gottfrid Christian Brandt កាលពីឆ្នាំ១៩៣៩។ ការជ្រើសរើសមេដឹកនាំអាល្លឺម៉ង់នេះ ធ្វើឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងទៅលើលោក Brandt។
នៅពេលនោះ សភាស៊ុយអែតគ្រោងនឹងជ្រើសរើសលោកនាយករដ្ឋមន្ត្រីអង់គ្លេស Neville Chamberlin ធ្វើជាបេក្ខភាពនៃពានណូបែលសន្តិភាព លើគុណបំណាច់ក្នុងការបញ្ចៀសសង្គ្រាមនៅអឺរ៉ុបកាលពីឆ្នាំ១៩៣៨ ដោយព្រមព្រៀងកាត់ដីឆេកូស្លូវ៉ាគីទៅអាល្លឺម៉ង់។ ប៉ុន្តែលោក Brandt យល់ថា Hitler ដើរតួក្នុងសន្ធិសញ្ញានេះច្រើនជាង។
ដោយមានការរិះគន់ខ្លាំងពេក គណៈកម្មការណូបែលក៏សម្រេចមិនជ្រើសរើសបេក្ខភាពសម្រាប់ពានណូបែលសន្តិភាពសម្រាប់ឆ្នាំ១៩៣៩។ ប៉ុន្មានខែក្រោយមក Hitler ក៏បានឈ្លានពានប៉ូឡូញ ហើយសង្គ្រាមលោកលើកទី២ ក៏ផ្ទុះឡើង។
តាមពិតទៅ អាល្លឺម៉ង់នៅពេលនោះបានដាក់បម្រាមមិនឲ្យជនជាតិខ្លួនទៅទទួលពាននេះដាច់ខាត ក្រោយពេលដែលអ្នកកាសែតប្រឆាំងរដ្ឋាភិបាលបានឈ្នះពាននេះកាលពីឆ្នាំ១៩៣៥៕