ចាប់តាំងពីចូលនិវត្តន៍នៅខែកញ្ញាស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានបង្ហាញផែនការធ្វើដំណើរជុំវិញពិភពលោកនៅឆ្នាំក្រោយ ដោយទៅទស្សនាសាលារៀននៅប្រទេសផ្សេងៗគ្នា។ ថ្លែងនៅក្នុងសន្និសីទ Forbes CEO Conference នៅប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារ គាត់បានបង្កើតសាលាមត្តេយ្យ ថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យហើយបានបង្កើតគំនិតថ្មីៗបន្ថែមទៀត ដើម្បីបង្រៀនកុមារពីរបៀបក្លាយជាមនុស្ស។
តាមរយៈបទពិសោធន៍ជូរចត់នៅក្នុងជីវិតរបស់ខ្លួន គាត់បានបង្ហាញនូវការព្រួយបារម្ភអំពីយុវជនជំនាន់ក្រោយ នឹងមិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរស់នៅក្នុងសម័យឌីជីថលទេ ប្រសិនបើប្រព័ន្ធអប់រំមិនមានការផ្លាស់ប្ដូរក្នុងរយៈពេល ២០ ទៅ ៣០ ឆ្នាំខាងមុខ។ នៅក្នុងនោះគាត់បានរៀបរាប់អំពីមនុស្សឆ្លាតដោយប្រើខួរក្បាលរបស់ពួកគេ ជាមួយគ្នានេះគាត់បានបង្ហាញពីមោទនភាពចំពោះបុគ្គលិកឆ្លាតវៃរបស់ក្រុមហ៊ុន Alibaba ប៉ុន្តែគាត់គិតថាវារឹតតែប្រសើរជាងនេះទៅទៀតប្រសិនបើពួកគេធ្វើជាមនុស្សដែលឆ្លាតដោយប្រើបេះដូង។
ជាក់ស្ដែងមហាសេដ្ឋីរូបនេះបានពន្យល់ថា៖ « មនុស្សឆ្លាតភាគច្រើនចង់ឈ្នះ តែយើងចង់ធ្វើឲ្យមនុស្សឆ្លាតរៀនពីរបៀបរស់នៅជាមនុស្ស របៀបយកចិត្តទុកដាក់ជាមួយអ្នកដទៃ នៅពេលដែលពួកគេចេះយកចិត្តទុកដាក់ចំពោះអ្នកដទៃ យកចិត្តទុកដាក់ពីអនាគត ដឹងពីរបៀបក្លាយជាមនុស្ស នោះក្រុមហ៊ុននឹងដំណើរការទៅដោយរលូន ប៉ុន្តែបើមិនដូច្នេះទេនឹងមានក្រុមក្មេងទំនើងមួយក្រុមនៅក្នុងក្រុមហ៊ុន ទាំងនេះជាមូលហេតុដែលខ្ញុំជឿជាក់ថាយើងត្រូវការមនុស្ស និងអ្នកដឹកនាំដែលមានប្រាជ្ញា។ ម៉ាស៊ីនឆ្លាតវៃនឹងឆ្លាតជាងអ្នក ប៉ុន្តែម៉ាស៊ីនមិនមានប្រាជ្ញានោះទេ ម៉ាស៊ីនមិនមានបេះដូងទេ ម៉ាស៊ីនមានតែឈីបប៉ុណ្ណោះ ដូច្នេះនេះជាអ្វីដែលខ្ញុំគិតថា មនុស្សគួរតែរៀនធ្វើឲ្យមានប្រាជ្ញាជានិច្ច »។
បន្ថែមពីនេះទៅទៀតលោក Ma បានណែនាំថាប្រព័ន្ធអប់រំគួរតែត្រូវបានផ្លាស់ប្ដូរដើម្បីបង្រៀនកុមារពីរបៀបក្លាយខ្លួនជា “មនុស្ស” នៅយុគ្គសម័យ AI ដោយគាត់បានកំណត់មុខជំនាញដូចជា តន្រ្តី របាំ គំនូរ និងកីឡា ដែលជាមុខវិជ្ជាសំខាន់ ព្រោះការខំប្រឹងប្រែងក្នុងមុខវិជ្ជាទាំងនេះបានផ្សារភ្ជាប់ទៅនឹងបេះដូងរបស់មនុស្ស។ ទន្ទឹមនឹងនេះគាត់បានណែនាំឲ្យយុវជនទាំងអស់គួរតែរៀនពីកំហុស ព្រោះនៅពេលអ្នកបានបង្កើតកំហុសអ្នកនឹងដឹងពីរបៀបប្រឈមមុខនឹងវា និងរបៀបដោះស្រាយ នេះទើបគេហៅថាបញ្ញា ហើយនេះគឺជាអ្វីដែលយើងគួរតែបង្រៀនកូនៗរបស់យើង៕