ជាថ្មីម្ដងទៀតនៅថ្ងៃនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរំឭកជាថ្មីដល់អ្នករស់នៅក្នុងរាជធានីថាចាប់ពីថ្ងៃទី២១ ខែតុលា ខាងមុខនេះតទៅ រាល់យានជំនិះដែលគ្មានស្លាកលេខនឹងត្រូវពិន័យ និងឃាត់ទុករហូតធ្វើស្លាកលេខរួចទើបប្រគល់ជូនវិញ។
ការរឭកជាថ្មីនេះធ្វើឡើងបន្ទាប់ពីមានសេចក្ដីជូនដំណឹងម្ដងរួចហើយកាលពីថ្ងៃទី១១ ខែតុលា កន្លងទៅនេះ។ ក្នុងសេចក្ដីជូនដំណឹងនោះ សរសេរថារាល់រថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តដែលគ្មានស្លាកលេខ ឬមានស្លាកលេខមិនប្រក្រតីត្រូវរួសរាន់ទៅបំពេញបែបបទសុំស្លាកលេខឲ្យបានត្រឹមត្រូវនឹងទាន់ពេលវេលា។
បើតាមសេចក្ដីជូនដំណឹងចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងត្រួតពិនិត្យ ចាប់ឃាត់ជាបណ្ដោះអាសន្នយានទាំងនោះទុក និងធ្វើការពីន័យ រហូតទាល់តែធ្វើស្លាកលេខរួចទើបឲ្យយកត្រឡប់ទៅវិញ។
ការធ្វើដូចនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថាដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងសណ្ដាប់ធ្នាប់សង្គមក្នុងរាជធានីភ្នំពេញ៕