ថៃ៖ តើបងប្អូនជឿលើរឿងរ៉ាវ បុព្វេសន្និវាស ឬនិស្ស័យស្នេហ៍ពីដែលសាងរួមគ្នាពីបុព្វជាតិដែរឬទេ? ថ្មីៗនេះនៅក្នុងបណ្តាញសង្គមថៃ មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែលមានការចែករំលែកពីរឿងរ៉ាវស្នេហាគូស្នេហ៍បុព្វេសន្និវាសមួយគូ ដែលកើតក្នុងថ្ងៃតែមួយ ស្លាប់ទៅវិញក្នុងថ្ងៃតែមួយ។ គូស្នេហ៍បុព្វេសន្និវាសមួយគូនេះត្រូវបានគេស្គាល់ថាជានិស្សិតមហាវិទ្យាល័យ Assumption University ផ្នែកតន្ត្រី។ ខាងប្រុសត្រូវបានគេស្គាល់ឈ្មោះថា ជេសាដាផន បួរផេត ឬ អយ អាយុ២២ឆ្នាំ ខាងស្រីមានឈ្មោះថា លីសូកស៊ីត មង្គលផនសាប ឬ លីស អាយុ ២២ ឆ្នាំដូចគ្នា បានស្លាប់ក្នុងថ្ងៃតែមួយ។
តាមការរៀបរាប់បានឲ្យដឹងថាគូស្នេហ៍មួយគូនេះគឺមានរឿងរ៉ាវចៃដន្យ ឬជួនគ្នាជាច្រើន ដូចជាកើតក្នុងថ្ងៃតែមួយ ខែតែមួយ ឆ្នាំតែមួយ គឺ ៥ មិថុនា ១៩៩៧ រៀនសាលាជាមួយគ្នា នៅផ្ទះលេខ៣ដូចគ្នា ខុសតែភូមិសង្កាត់ និងខាងស្រីកំព្រាម្តាយ ចំណែកខាងប្រុសកំព្រាឪពុក។ ពួកគេបានចាប់ផ្តើមស្នេហា និងទំនាក់ទំនងគ្នាជាគូសង្សាររយៈពេល២ឆ្នាំចុងក្រោយ ក្រោយបានចូលរៀនថ្នាក់មហាវិទ្យាល័យជាមួយគ្នា។ ក្រុមគ្រួសារទាំងសងខាងហាក់សប្បាយចិត្តជាខ្លាំងដែលពួកគេបានស្រលាញ់គ្នា ដោយពួកគេពុំដែលមានបញ្ហាអ្វីជាមួយគ្នានោះឡើយ គឺពេលម្នាក់ខឹង ម្នាក់ទៀតជាអ្នកលួងលោម។ តែគួរឲ្យសោកស្តាយអ្នកទាំងពីរត្រូវលាចាកលោក ដោយស្លាប់ព្រមគ្នាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលបញ្ចប់បេសកកម្មសិក្សាជាមួយគ្នា។ សាកសពអ្នកទាំងពីរត្រូវបានរកឃើញថាស្លាប់ឱបគ្នាយ៉ាងស្អិតរមួត ហេតុដូចនេះក្រុមគ្រួសារសម្រេចចិត្តរៀបចំពិធីបុណ្យសពក្នុងពេលតែមួយ និងដាក់បូជា ព្រមទាំងតម្កល់ធាតុពួកគេនៅក្នុងផ្នូរតែមួយ ដោយសង្ឃឹមថាជាតិក្រោយពួកគេនឹងបានជួបគ្នាម្តងទៀត៕