Li Ziqi គឺជាតារាស្រីផលិតវីដេអូដែលមានអ្នកគាំទ្រច្រើនបំផុតនៅលើបណ្ដាញសង្គមចិន។ ដោយសារតែស្នាដៃរបស់ខ្លួន ថ្មីៗនេះនាងបានក្លាយជាមហាសេដ្ឋីវ័យក្មេង ព្រោះមានទ្រព្យសម្បត្តិរាប់លានដុល្លារនៅពេលមានវ័យមិនទាន់៣០ឆ្នាំ។
បណ្ដាញព័ត៌មាន Dianshangbao បានឲ្យដឹងថា ស្រីស្អាតធ្វើវីដេអូពីស្រុកស្រែ ក៏ដូចជាវប្បធម៌ចិនឈ្មោះ Li Ziqi បានក្លាយជាមហាសេដ្ឋីរួចហើយ ដោយមានទ្រព្យសម្បត្តិរាប់លានដុល្លារទោះបីជានៅមានវ័យក្មេងក៏ដោយ។
តាមនោះដែរ ចំណូលប្រចាំឆ្នាំរបស់ស្រីស្អាតកើតឆ្នាំ១៩៩០ អាចរកបានពី៧ ទៅ ៨លានដុល្លារ ហើយគិតមកដល់ជិតចុងឆ្នាំ២០១៩នេះ ទ្រព្យសម្បត្តិរបស់នាងមានប្រមាណរាប់សិបលានដុល្លារ។
“អាយុ១៤ឆ្នាំ Li Ziqi ធ្លាប់ទៅធ្វើការស៊ីឈ្នួលលាងចានឲ្យគេ រកបានមួយខែប្រមាណ៤០ដុល្លារ។ អាយុ២៩ឆ្នាំ នាងរកបាន១ឆ្នាំ ៧ទៅ៨លានដុល្លារ។ ពីមនុស្សម្នាក់ដែលរកអង្ករច្រកឆ្នាំងសឹងមិនបាន ពេលនេះបានក្លាយជាមហាសេដ្ឋីទាំងមានវ័យមិនដល់៣០ឆ្នាំ។ ប្រការនេះគឺលើសពីការរំពឹងទុករបស់មនុស្សគ្រប់គ្នា” នេះបើតាម Dianshangbao ឲ្យដឹង។
ក្រៅពីចំណូលពីការដែលទស្សនិកជនមើលវីដេអូរបស់ខ្លួន ស្រីស្អាតរូបនេះក៏ចាប់ផ្ដើមលក់ម្ហូបអាហារដែលនាងធ្វើក្នុងវីដេអូដូចគ្នា។ នារីតស៊ូកើតឆ្នាំ១៩៩០រូបនេះ ធំដឹងក្ដីឡើងក្នុងគ្រួសារអ្នកក្រមួយ នៅតំបន់ដាច់ស្រយាលខេត្ត Si Chuan ប្រទេសចិន។ ម្ដាយស្លាប់ចោល ឪពុកមានប្រពន្ធថ្មី តាំងពីតូចគឺត្រូវបានតាយាយជាអ្នកចិញ្ចឹម។ មុនពេលធ្វើវីដេអូ នាងបានប្រឡូកអស់ហើយ រាល់ការងារពលកម្មនៅទីក្រុង ដើម្បីផ្ញើលុយឲ្យយាយ។
ឆ្នាំ២០១២ នៅពេលយាយឈឺធ្ងន់ ហើយមិនមានអ្នកមើល នាងត្រូវចោលការងារនៅទីក្រុងហើយមកស្រុកមើលយាយ។
ពេលទំនេរក៏ធ្វើវីដេអូពីជីវិតនៅស្រុកស្រែ សូម្បីតែនាងផ្ទាល់ក៏មិនជឿថាមានអ្នកចូលចិត្តមើលវីដេអូរបស់ខ្លួនដូចនេះដែរ។ បច្ចុប្បន្ន Ziqi មានអ្នកគាំទ្រជាង១០លាននាក់លើបណ្ដាញសង្គម Weibo និង៥លាននាក់លើ Youtube ដោយគ្រប់វីដេអូទាំងអស់សុទ្ធតែទទួលបានការទស្សនារាប់លានដង៕