ឃាត់ខ្លួនចោរ២នាក់ ក្រោយលួចម៉ូតូរ៉ឺម៉កសណ្ដោងមិនស្រេច នៅសង្កាត់ច្រាំងចំរេះទី១

(ភ្នំពេញ)៖ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក វែវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1V-3256 មកធ្វើសកម្មភាពលួចម៉ូតូរ៉ឺម៉កសណ្ដោង តែមិនសម្រេចឡើយ ព្រោះត្រូវជនរងគ្រោះឃើញទាន់ ហើយស្រែកឲ្យគេជួយ ទើបសមត្ថកិច្ចចេញអន្តរាគមន៍ឃាត់ខ្លួនភ្លាមៗ។

លោកវរសេនីយ៍ទោ អ៉ីវ ឈុនផេង អធិការរងទទួលបន្ទុកព្រហ្មខណ្ឌ ក្រោមការណែនាំពីលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ បានបញ្ជាក់ថា ករណីចោរកម្មចោរលួចម៉ូតូរ៉ឺម៉កសណ្ដោងមិនសម្រេចខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅតាមបណ្ដោយផ្លូវលេខ៥៩៨ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នាវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ។

លោកអធិការេងទទួលបន្ទុកព្រហ្មទណ្ឌខណ្ឌបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំង២នាក់នេះ ក្រៅពីដកហូតម៉ូតូ១គ្រឿង ជាវត្ថុតាងជិះធ្វើសកម្មភាព គឺជនសង្ស័យសុទ្ធតែមានសារធាតុញៀន ដោយទី១៖ឈ្មោះ សុខ រ័ត្ន អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២៖ឈ្មោះ វ៉ាន់ រតនៈ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង២ មានទីលំនៅក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

បើតាមដំណើររឿងដែលជនរងគ្រោះឈ្មោះ វ៉ាន់ រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះ៦១២E ផ្លូវ៥៩៨ ក្រុម ទី០៤ ភូមិ៤ សង្កាត់ច្រាំចំរេះ១ ខណ្ឌឫស្សីកែវ បានប្រាប់សមត្ថកិច្ចថា រូបគេបានទុកម៉ូតូសណ្តោងរ៉ឺម៉កនៅមុខផ្ទះ និងបានដេកក្បែរនោះ ក៏មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកវែវអាល់ហ្វា មកឈប់ក្បែររួចជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក មកធ្វើសកម្មភាពលួចទាញម៉ូតូរ៉ឺម៉កធាក់បញ្ឆេះ តែត្រូវរូបគេ (ជនរងគ្រោះ) ឃើញទាន់ និងស្រែកផ្អើលឆោលឡោឲ្យគេជួយ ស្របពេលកម្លាំងល្បាតរបស់មត្ថកិច្ចចេញអន្តរាគមន៍ទាន់ពេល ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងជិះធ្វើសកម្មភាពមានម៉ូតូ១គ្រឿង កំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ