ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បាននាំគ្នាដើរដង្ហែក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធកន្លងទៅទាមទារឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Cho Kuk ដែលចាត់តាំងដោយប្រធានាធិបតី ចុះចេញពីតំណែង។
យោងតាមសារព័ត៌មាន AP ឲ្យដឹងថា ការតវ៉ានៅជិតវិមានប្រធានាធិបតីនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលក្រុមអ្នកគាំទ្ររដ្ឋាភិបាលធ្វើការដើរដង្ហែមុខការិយាល័យរដ្ឋអាជ្ញាកាលពីសប្ដាហ៍មុនដើម្បីសម្ដែងការគាំទ្រដល់លោក Cho Kuk។ យ៉ាងណាមិញ លោករដ្ឋមន្ត្រី Cho Kuk ត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងបទឧក្រិដ្ឋហិរញ្ញវត្ថុ ខណៈពេលដែលគ្រួសាររបស់លោកកំពុងស្ថិតក្រោមការស៊ើបអង្កេត។ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក Cho បានបដិសេធទាំងស្រុងថាលោកមិនបានធ្វើខុសនោះទេ។
គួរបញ្ជាក់ថា បញ្ហាចម្រូងចម្រាស់បណ្ដាលពីការមិនពេញចិត្តរបស់ពលរដ្ឋកូរ៉េខាងត្បូងចំពោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នេះ បានធ្វើឲ្យលោកប្រធានាធិបតី Moon Jae-in ប្រឈមធ្លាក់ប្រជាប្រិយភាព ក៏ដូចជាធ្លាក់ចុះទំនាក់ទំនងការទូតជាមួយជប៉ុន និងកូរ៉េខាងជើងផងដែរ៕