• ព្យុះទីហ្វុង​ដ៏កំណាច​មួយ​មាន​ឈ្មោះ​​​ថា Hagibis នឹង​បោក​បក់​សំដៅ មក​កាន់​ប្រទេស​ជប៉ុន​ ចុង​សប្ដាហ៍​នេះ

    (តូក្យូ)៖ ព្យុះទីហ្វុងដ៏ខ្លាំងមួយឈ្មោះ ហាជីប៊ីស (Hagibis) ត្រូវបានគេព្យាករណ៍ថា កំពុងសំដៅ​ឆ្ពោះមករកកោះធំរបស់ប្រទេសជប៉ុនគឺកោះ ហុនហ្ស៊ុ (Honshu) ហើយវាអាចនឹងបោកបក់កាត់ចំតំបន់ តាន់តូ (Kanto) នៅចុងសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីសារព័ត៌មាន Japan Times នៅរសៀលថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩។

    គិតត្រឹមរសៀលថ្ងៃពុធនេះ ព្យុះទីហ្វុង Hagibis កំពុងស្ថិតក្បែរទីប្រជុំកោះ អូហ្គាសាវ៉ារ៉ា (Ogasawara) ហើយយោងតាម​ការព្យាករណ៍ វាកំពុងបន្តឆ្ពោះមករកកោះ Honshu ហើយអាចបោកបក់ត្រូវចំតំបន់ Kanto នៃកោះ Honshu នៅយប់ថ្ងៃសៅរ៍ ឬមួយក៏រំលងអធ្រាត្រថ្ងៃអាទិត្យ។ យ៉ាងណាមិញគន្លងផ្លូវពិតប្រាកដរបស់ព្យុះទីហ្វុងនេះ នៅមិនទាន់អាចកំណត់ច្បាស់ឡើយ ប៉ុន្តែដោយសារវាមានទំហំធំធេងពេក តំបន់ដែលមិនរងការប៉ះពាល់ដោយផ្ទាល់ក៏ដោយ ក៏អាចនៅរងឥទ្ធិពលខ្លាំងដែរ។

    គួរជម្រាបថា បើតាមការវាយតម្លៃរបស់ទីភ្នាក់ងារ ឧតុនិយមជប៉ុនផ្ទាល់ ព្យុះទីហ្វុងខាងលើអាចមានកម្លាំងខ្យល់បក់អតិបរមាខ្ទង់ ១៩៨គីឡូម៉ែត្រក្នុងមួយម៉ោង។ ប៉ុន្តែបើតាមសហរដ្ឋអាមេរិកវិញ កម្លាំងខ្យល់នៃព្យុះទីហ្វុង Hagabis គឺអាចដល់ ២៥៩គីឡូម៉ែត្រក្នុងម៉ោង ពោល Hagabis គឺស្មើនឹងព្យុះហឺរីខិនកម្រិតទី​៥ ដែលជាកម្រិតខ្ពស់ជាងគេឯណោះ។

    នៅចុងសប្តាហ៍នេះ ទោះព្យុះទីហ្វុង Hagibis នឹងបោកបក់ចំ ឬមិនចំប្រទេសជប៉ុនក៏ដោយ វានៅតែអាចមាន​លទ្ធភាពជះឥទ្ធិពល ដែលបង្កឲ្យមានការបំផ្លិចបំផ្លាញធ្ងន់ហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយធ្វើដំណើរ ហើយប៉ះពាល់​ដល់ព្រឹត្តិការណ៍ផ្សេងៗ រួមទាំងព្រឹត្តិការណ៍ពានពិភពលោក នៃកីឡាបាល់ឱប (Rugby World Cup)។ មួយវិញទៀត កាលពីខែសីហាកន្លងទៅនេះ ព្យុះទីហ្វុងឈ្មោះ ហ្វាសៃ (Faxai) ទើបតែបានវាយប្រហារចំលើតំបន់ Kanto របស់ជប៉ុនហើយប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ