ប្រពៃណាស់! រកឃើញ បដិមាព្រះកេសលោកេស្វរៈ តាំងពីសម័យព្រះបាទជ័យវរ្ម័នទី៧ ពេលអំឡុងកាយជួសជុលខ្លោងទ្វារ ចូលខាងកើតប្រាសាទតានៃ

(សៀមរាប)៖ បដិមាព្រះកេសព្រះពោធិសត្វលោកេស្វរៈ ឬលោកេស្វរៈចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញខណៈអ្នកជំនាញអាជ្ញាធរជាតិអប្សរា ធ្វើកំណាយនៅខ្លោងទ្វារចូលខាងកើតប្រាសាទតានៃជ្រុងនិរតី។

បើតាមអាជ្ញាធរជាតិអប្សរា ការធ្វើកំណាយនេះ គឺដើម្បីរកថ្មដំបូលដែលធ្លាក់ចុះកប់ក្នុងគំនរថ្ម និងដីដំបូកយកមកជួសជុលប្រាសាទ កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ កន្លងមកនេះ។

តាមការបញ្ជាក់របស់លោក ស៊ា សុភារុន ប្រធានគម្រោងជួសជុលប្រាសាទតានៃ និងជាបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា បដិមាព្រះសិរលោកេស្វរៈ ដែលក្រុមការងារជួសជុលខ្លោងទ្វារចូលខាងកើតប្រាសាទតានៃប្រទះឃើញ គឺមានត្រឹមតែព្រះសិរប៉ុណ្ណោះ មានរូបព្រះពុទ្ធនៅលើផ្នួងសក់ មានត្រចៀកខាងស្តាំ តែឆែបខាងឆ្វេង ច្រមុះឆែប ព្រះភក្ត្រម្ខាងច្រោះរបកសាច់ថ្ម។

សភាពខូចខាតទាំងនេះ ជាបឋមគេមិនដឹងថាមកពីមូលហេតុអ្វីប្រាកដទេ តែអាចជាការប៉ះទង្គិចអ្វីមួយធ្វើឱ្យបែក ឬគុណភាពថ្មនៅលើថ្ពាល់ម្ខាងមិនសូវល្អ ទើបធ្វើឱ្យស្រទាប់ថ្មរបកចេញពីថ្ពាល់។

ម្យ៉ាងវិញទៀត ចម្លាក់មួយនេះក៏ប្រហែលមិនស្ថិតនៅទីតាំងនេះដែរ កាលដើមឡើយ ព្រោះមិនមានភស្តុតាងណាមួយបញ្ជាក់ថាមានដងខ្លួននៅកន្លែងនេះដូចគ្នា។

លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីសារពើភណ្ឌបុរាណវត្ថុ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងធ្វើការវាស់ទំហំព្រះសិរបដិមាព្រះពោធិសត្វលោកេស្វរៈ បានឱ្យដឹងថា ព្រះសិរនេះធ្វើពីថ្មភក់ មានកម្ពស់ ៥៤ស.ម ទទឹង ២៧ស.ម និងកម្រាស់ ៣៦ស.ម។

ព្រះសិរព្រះពោធិសត្វលោកេសូរ ឬ លោកេស្វរៈ បច្ចុប្បន្នត្រូវបានក្រុមការងារយកមករក្សាទុកនៅអាជ្ញាធរជាតិអប្សរាបណ្តោះអាសន្ន ដើម្បីធ្វើការចុះបញ្ជី និងថតរូបទុកជាឯកសារ ព្រមទាំងរៀបចំបែបបទស្នើយកទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរ។

ចំពោះព្រះសិរលោកេសូរខាងលើនេះលោក សុម៉ាឡា ក៏បញ្ជាក់ដែរថា គឺធ្វើឡើងតាមទម្រង់រចនាប័ទ្មបាយ័ន ប្រហែលពីចុងស.វ.ទី១២ និងដើមស.វ.ទី១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។

សូមជម្រាបថា ព្រះលោកេសូ ឬព្រះលោកេស្វរៈ គឺជាព្រះពោធិសត្វក្នុងពុទ្ធសាសនាមហាយាន ដែលមានករុណាធម៌កំពូលក្នុងការជួយសង្គ្រោះមនុស្សលោក។ ក្នុងសិល្បៈខ្មែរ គេតែងឃើញចម្លាក់ប្រភេទនេះមានព្រះហស្ថ២, ៤ ឬ៨ ដោយមានកាន់កេតនភណ្ឌ ដូចជាខ្សែផ្គាំ គម្ពីរ ផ្កាឈូក និងថូ ព្រមទាំងឆ្លាក់រូបព្រះពោធិសត្វ អមិតាភៈ អង្គុយភាវនានៅលើផ្នួងសក់ ដូចគ្នានឹងបដិមាព្រះនាងប្រាជ្ញាបារមីដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ