អង់គ្លេស ប៉ះឆេក នៃវគ្គជម្រុះ Euro 2020 ប្រចាំពូល A ចុងសប្តាហ៍នេះ

(ក្រុងប្រាក់)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស នឹងត្រូវធ្វើដំណើរទៅជួបម្ចាស់ផ្ទះសាធារណរដ្ឋឆេក ក្នុងយុទ្ធនាការវគ្គជម្រុះពានរង្វាន់ជើងឯកអឺរ៉ុប UEFA Euro 2020 ជាបន្តទៀតនៅរាត្រីថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នៃការប្រកួតលើកទី៥ វគ្គសន្សំពិន្ទុប្រចាំពូល A ដោយមានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ម៉ាយធីវី និង ស៊ីធីអិន ផងដែរចាប់ពីម៉ោង ១៖៤៥នាទីរំលងអធ្រាត្រ។

នៅចាំបានថា អង់គ្លេស បានបំបាក់ឆេក ក្នុងលទ្ធផល ៥-០ មិនឲ្យតដៃរួចកាលពីជើងទី១ នៅកីឡដ្ឋាន Wembley នៃទីក្រុង London នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ដែលជាក្រុមមួយលេងមិនទាន់ចាញ់នៅឡើយទេក្នុងចំណោម ៤ប្រកួតកន្លងមក សូម្បីតែស្មើ ពោលគឺឈ្នះទាំង ៤ប្រកួត រកបាន ១២ពិន្ទុឈរនៅកំពូលតារាងប្រចាំពូល A បណ្តោះអាសន្នដ៏រឹងមាំផងដែរ គ្រាដែលគូប្រជែង សាធារណរដ្ឋឆេក ឈរនៅលេខរៀងទី២ ដោយមាន ៩ពិន្ទុផងដែរ។

នេះមានន័យថា ក្រុមមិនទាន់ឈ្នះពាន UEFA Euro សូម្បីតែម្តងនេះ ត្រូវការជ័យជម្នះតែ ២ប្រកួត ក្នុងចំណោម ៤ប្រកួតដែលនៅសល់តែប៉ុណ្ណោះ ដើម្បីកក់កៅអី១ ឡើងទៅជុំផ្តាច់ព្រ័ត្រ ២៤ក្រុមចុងក្រោយនាខែមិថុនា ឆ្នាំ២០២០ ខាងមុខ ក្នុងចំណោម ២ក្រុមឈរនៅកំពូលតារាងចេញពីពូលនីមួយៗ។

ក្រុមហ៊ុន CBS ដែលរួមមានទូរទស្សន៍ CTN, MyTV និង CNC ផងនោះ បានទទួលសិទ្ធិផ្តាច់មុខក្នុងការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍បាល់ទាត់លំដាប់ពិភពលោក UEFA Euro Championships បន្ថែមលើយុទ្ធនាការ Premier League របស់អង់គ្លេស និង LI LAGA របស់អេស្ប៉ាញនារដូវកាលថ្មីឆ្នាំ២០១៩-២០២០ ថែមទៀតផង៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ