ក្រុមហ៊ុនម្ហូបអាហាររបស់អ៊ីស្រាអែលមួយមានឈ្មោះថា Aleph Farms បានបង្កើតសាច់គោចេញពីកោសិកាសត្វគោបានសម្រេចជាលើកដំបូងរបស់ខ្លួននៅក្នុងទីអាវកាស ដែលថានេះជាក្ដីសង្ឃឹមមួយសម្រាប់អាវកាសយានិក។
ក្រុមអ្នកស្រាវជ្រាវបានយកកោសិកាសត្វគោ និងដាក់សារធាតុចិញ្ចឹមក្នុងនោះ មុននឹងយកកោសិកានោះទៅដាក់ក្នុងមជ្ឈដ្ឋានមួយដែលមានសណ្ឋានដូចទៅនឹងផ្នែកខាងក្នុងនៃរាងកាយសត្វគោ។ កោសិកានោះបានបន្តលូតលាស់ និងបានក្លាយជាដុំសាច់គោនៅពេលក្រោយមកទៀត។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីដើមសប្ដាហ៍នេះបានបន្ថែមថា៖ «ការរកឃើញនេះគឺពិតជាមានសារសំខាន់ចំពោះបរិស្ថាន បង្ហាញពីការបន្តនិរន្តរភាពនៃម្ហូបអាហារ ដែលវិធីសាស្រ្តនេះមិនបំផ្លាញទឹក ឬដី»។
ប្រភពបន្តថា៖ «ផលិតផលសាច់គោនេះអាចចិញ្ចឹមអាវកាសយានិកបានក្នុងរយៈពេលវែងក្នុងបេសកកម្មអាវកាស»។ ទោះយ៉ាងណាផលិតផលសាច់គោនេះមិនទាន់អាចចេញលក់នៅលើទីផ្សារបាននៅឡើយតែថាអាចនឹងចេញនៅពេលឆាប់ៗខាងមុខ៕