ភ្នំពេញ៖ បន្ទាប់ពីការដាក់បំរាមហាមមិនឲ្យជនជាតិបរទេសប្រកបមុខរបរ និងការងារមួយចំនួនទៀតនៅក្នុងវិស័យក្រៅផ្លូវការកាលពីខែសីហា បច្ចុប្បន្នកាលពីពេលថ្មីៗនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្ដីប្រកាសអនុញ្ញាតឡើងវិញដល់ជនបរទេសដែលចង់ប្រកបមុខរបរនៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញចំពោះមុខរបរដែលក្រសួងហាមឃាត់ និងអនុញ្ញាតឡើងវិញសម្រាប់ជនបរទេសរួមមាន៖ អ្នករត់រ៉ឺម៉ក អ្នកបើកឡានដឹកទំនិញ ជាងកាត់សក់ អ្នកម៉ាស្សា ជាងមាស អ្នកដេរស្បែកជើង អ្នកលក់ឧបករណ៍ប្រពៃណី អ្នកលក់រូបសំណាកព្រះពុទ្ធ អ្នកលក់វត្ថុអនុស្សាវរីយ៍ និងមេកានិច។
ជាមួយគ្នានេះដែរការដកបម្រាមនេះគឺដោយសារតែតម្រូវការជំនាញបរទេសក្នុងវិស័យសេវាកម្ម និងដើម្បីជំរុញការវិនិយោគមកប្រទេសកម្ពុជា។ ដោយសារបញ្ហានេះក្រសួងបានសម្រេចអនុញ្ញាតឲ្យជនបរទេសធ្វើការនៅក្នុងឧស្សាហកម្មណាមួយ ហើយក៏មានការងារធ្វើដោយខ្លួនឯងដែរ។
ទន្ទឹមនឹងនេះយោងតាមរបាយការណ៍របស់ក្រសួងការងារបានបង្ហាញថាមានជនបរទេស ១៦០,០៧៧ នាក់មកពី ៩៣ ប្រទេសដែលធ្វើការនៅក្នុងព្រះរាជាណាចក្រនេះលើគ្រប់វិស័យ។ ខណៈដែលប្រជាជនជាង ១០០,០០០ នាក់ជាជនជាតិចិន ហើយដែលនៅសល់គឺជនជាតិវៀតណាម ហ្វីលីពីន ថៃ ឥណ្ឌូនេស៊ី តៃវ៉ាន់ ម៉ាឡេស៊ី ជនជាតិកូរ៉េខាងត្បូង ឥណ្ឌា និងអង់គ្លេស៕