“Joker” ដែលជាខ្សែភាពយន្តផលិតតាមសាច់រឿងក្នុងសៀវភៅត្លុក DC Comics ចំណងជើងថា “The Joker” អាចរកចំណូលបានប្រមាណ ៩៣,៥ លានដុល្លារ កាលពីអំឡុងចុងសប្ដាហ៍នៃការចាក់បញ្ចាំងដំបូង ជាចំណូលបើកឆាកខ្ពស់ជាងគេបំផុតប្រចាំខែតុលា។
ភាពយន្តនេះមានលោក Joaquin Phoenix ដើរតួជាតួអង្គ Joker ផ្ទាល់ ហើយចំណូលនេះគឺអាចស៊ីសងគ្នានឹងខ្ទង់ចំណាយលើការផលិតបានរួចទៅហើយ ដែលផលិតកម្ម Warner Bros ចំណាយអស់ប្រមាណ ៦០ លានដុល្លារ។ ខាងក្រោមជាសមិទ្ធផលសំខាន់ៗនៃភាពយន្តប្រចាំទីផ្សារអាមេរិក និងកាណាដា ៖
- បើកឆាកនៅចុងសប្ដាហ៍អាចរកចំណូលបាន ៩៣,៥ លានដុល្លារ ក្លាយជាភាពយន្តរកចំណូលបានច្រើនជាងគេនៅចុងសប្ដាហ៍ដំបូងប្រចាំខែតុលា អាចយកឈ្នះខ្សែភាពយន្ត “Venom” ជាម្ចាស់កំណត់ត្រាចាស់ ដែលអាចរកចំណូលបានប្រមាណ ៨០ លានដុល្លារ
- ជាខ្សែភាពយន្តប្រភេទ R-Rated រកចំណូលបើកឆាកនៅចុងសប្ដាហ៍ បានច្រើនជាងគេលំដាប់ទី ៤ ដែលអាចនាំមុខភាពយន្ត “The Matrix Relaoded” (រកចំណូលបាន ៩១,៧ លានដុល្លារ)
- នៅថ្ងៃដំបូង ភាពយន្ត “Joker” រកចំណូលបានប្រមាណ ៣៩,៩ លានដុល្លារ ដែលជាកំណត់ត្រាខ្ពស់ជាងគេបំផុតប្រចាំខែតុលា អាចឈ្នះម្ចាស់កំណត់ត្រាចាស់គឺភាពយន្ត “Halloween” ចេញផ្សាយឆ្នាំ ២០១៨ ដែលរកចំណូលបាន ៣៣ លានដុល្លារនៅថ្ងៃដំបូង