(ភ្នំពេញ)៖ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៣ ត្រូវបានកំណត់កាលបរិច្ឆេទប្រកួតច្បាស់លាស់ហើយ ដោយគ្រោងប្រកួតនៅថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខ នៅកីឡដ្ឋាន RSN។ ប៉ុន្ដែការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ត្រូវបានសម្រេចលុបចោល បន្ទាប់ពីមានការ ស្នើសុំរបស់ក្លឹបទាំងពីរ។
ចំពោះបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ រួមមានក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេត។ ដំបូងឡើយការប្រកួតគ្រោង ធ្វើនៅពហុកីឡដ្ឋានជាតិ ប៉ុន្ដែដោយសារនៅចន្លោះថ្ងៃទី០២-១០ ខែវិច្ឆិកា ពហុកីឡដ្ឋានជាតិត្រូវទទួលភារកិច្ច រៀបចំការប្រកួតជម្រុះពានរង្វាន់ AFC U-19 Championship 2020 ពូល G គណៈកម្មការប្រកួតបាល់ទាត់ ជាតិកម្ពុជា (CNCC) ក៏សម្រេចលើកទៅប្រកួតនៅកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោនវិញ។
ដោយឡែកការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមភ្នំពេញក្រោន និងក្រុមវិសាខា ដែលរងបរាជ័យ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ត្រូវបាន CNCC សម្រេចមិនធ្វើការប្រកួតឡើយ បន្ទាប់ពីមានការស្នើសុំ ពីតំណាងក្លឹបទាំងពីរ ដោយសារចង់ទុកពេលឲ្យកីឡាករខ្លួនដែលជាប់ជម្រើសជាតិ មានពេលវេលាសម្រាក គ្រប់គ្រាន់ និងមិនប្រឈមក្នុងការរបួសជាដើម។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងរបស់ CNCC។
គួរបញ្ជាក់ថា មុនឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមភ្នំពេញក្រោន ដោយការ ទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ០-០ គ្រាដែលបឹងកេតបានយកឈ្នះ ក្រុមវិសាខា ដោយលទ្ធផល ៤-០។ ចំពោះការប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀង និងបឹងកេត នឹងធ្វើឡើងនាវេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋាន RSN៕