ឆ្មាំសមុទ្ររបស់ប្រទេសប៉េរូបានធ្វើការឃាត់កប៉ាល់ដឹកទំនិញមួយគ្រឿង ដែលមានផ្ទុកនូវសេះសមុទ្រខុសច្បាប់ចំនួន ៥០ កេះ ទម្ងន់សរុប ១ ០៤៣ គីឡូក្រាម និងមានតម្លៃជាទឹកប្រាក់ប្រមាណជា ១២,៣ លានដុល្លារអាមេរិក។ ការឃាត់នាវាខុសច្បាប់មួយនេះបានធ្វើឡើងនៅឆ្នេរសមុទ្រនៃក្រុង Callao ប្រទេសប៉េរូ និងមានចម្ងាយប្រមាណជា ៣២០ គីឡូម៉ែត្រពីកំពង់ផែគ្រឿងសមុទ្រដ៏ធំបំផុតរបស់អាមេរិកខាងត្បូងផងដែរ។ សេះសមុទ្រខុសច្បាប់ខាងលើនេះត្រូវបានគេនាំយកពីមហាសមុទ្របាស៊ីហ្វិក ដើម្បីយកទៅលក់ក្នុងទីផ្សារអន្តរជាតិ និងអាស៊ី ក្នុងនោះគេជឿងថា សេះសមុទ្រដែលមានតម្លៃប្រមាណជា ៦ លានដុល្លារនិងត្រូវគេនាំយកមកលក់នៅអាស៊ី។
ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសប៉េរូបានបញ្ជាក់បន្ថែមថា ចិនអាចជាទីផ្សារដ៏ធំមួយនៅអាស៊ីព្រោះចិននឹងប្រើប្រាស់សេះសមុទ្រទាំងនេះធ្វើជាថ្នាំបុរាណសម្រាប់ព្យាបាលជំងឺហឺត រលាកសន្លាក់ បណ្តុះសក់សម្រាប់អ្នកមានក្បាលទំពែក និងជួយឲ្យស្ត្រីឆាប់មានកូនជាដើម។ ក្នុងការឃាត់នាវាដឹកទំនិញខុសច្បាប់ខាងលើនេះគេបានឃាត់ខ្លួនមនុស្សប្រុស ៤ នាក់ ក្នុងនោះមានជនជាតិជាតិប៉េរូ ៣ នាក់ និងវ៉េណេស៊ុយអេឡាម្នាក់ ដែលពួកគេសុទ្ធតែជាអ្នកបើកបរនាវា និងធ្វើការនៅលើនាវាមួយនេះ។ សូមបញ្ជាក់ជូនថា ការនេសាទ ដឹកជញ្ជូន និងធ្វើពាណិជ្ជកម្មលើសេះសមុទ្រត្រូវបានរដ្ឋាភិបាលប៉េរូ សម្រេចធ្វើការហាមឃាត់ និងចាត់ទុកជាទង្វើខុសច្បាប់ចាប់តាំងពីឆ្នាំ ២០០៤ មកម្លះ៕