(ភ្នំពេញ)៖ ក្នុងនាមព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ ក្រសួងបរិស្ថាននឹងរៀបចំកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
កិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាននេះ នឹងពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការថ្នាក់តំបន់លើវិស័យបរិស្ថាន ក្នុងនោះរួមមានបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និរន្តរភាពបរិស្ថានទីក្រុង ការអភិរក្សជីវៈចម្រុះ បរិស្ថានតំបន់ឆ្នេរសមុទ្រ ការងារអប់រំបរិស្ថាន ការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងសារធាតុគីមី និងសំណល់គ្រោះថ្នាក់ ការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែន និងសាលាមេត្រីភាព បរិស្ថានជាដើម។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន បានឱ្យដឹងបន្ថែមថា ឯកសារសំខាន់ចំនួន៣ នឹងត្រូវយកមកពិនិត្យ និងអនុម័ត រួមមាន៖
១៖ សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុ នៅកិច្ចប្រជុំកំពូលលើកទី២៥ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP25-UNFCCC)
២៖ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអាស៊ាន ស្តីពីបរិស្ថាន
៣៖ សំណើសុំដាក់បញ្ចូលឧទ្យានជាតិរបស់ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា សរុបចំនួន៥ ទៅជាឧទ្យានបេតិកភណ្ឌអាស៊ាន។