ធ្វើដំណើរចម្ងាយប្រមាណជា ៣៨គីឡូម៉ែត្រ នៅភាគខាងកើតនៃក្រុងកំពត តាមផ្លូវជាតិលេខ៣៦ គេនឹងទៅដល់រមណីយដ្ឋានមួយកន្លែងមានឈ្មោះថា «ល្អាងកំពង់ត្រាច» ដែលស្ថិតនៅក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
នៅភ្នំកំពង់ត្រាច គេឃើញមានល្អាងមួយដែលមានអង្កត់ផ្ចិត (វិជ្ឈមាត្រ) ប្រមាណជា ៣០ម៉ែត្រ ហើយដីនៅទីនោះមាន ៧ពណ៌ផ្សេងគ្នា ព្រមទាំងមានល្អាងតូច៤ថែមទៀត ដោយល្អាងខ្លះមានកាំជណ្តើរឡើងកម្ពស់ប្រមាណ ៤ម៉ែត្រ និងមានថ្មដែលដុះចេញដូចទៅនឹងរូបសត្វផ្សេង។
ភ្នំកំពង់ត្រាចជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយរបស់ទឹកដីខេត្តកំពតដែលប្រជាជខ្លះហៅថា «ភ្នំបាក់» ដោយសារតែភ្នំនោះមានលក្ខណៈខុសប្លែកពីភ្នំដទៃត្រង់នៅចំកណ្តាលភ្នំមានវាលធំដែលមានពន្លឺថ្ងៃចាំងចូល ដែលហាក់ប្លែកពីល្អាងធម្មតា។ ភ្នំកំពង់ត្រាចមានបរិមាត្រប្រមាណជា៤គីឡូម៉ែត្រ និងកម្ពស់ប្រមាណជា២០០ម៉ែត្រ ហើយក្បែរភ្នំនោះក៏មានវត្តមួយហៅថា «វត្តគិរីសិសា»៕