ភ្នំពេញ ៖ បណ្តាញសង្គមហ្វេសប៊ុកនៅក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ បានចោទសួរលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៃរដ្ឋសភា បាននិយាយថា ប្រាក់ចំណូលរដ្ឋត្រូវបានបាត់បង់តាមរយៈការឃុបឃិតក្លែងបន្លំ ពាក់ព័ន្ធនឹងអ្នកដែលធ្វើពុតជាឈឺ ដើម្បីទទួលបានការឈប់សម្រាកពីការងារ។
លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ប្រតិកម្មទៅនឹងការលើកឡើងរបស់លោក ឈាង វុន ប្រធាន គណៈកម្មការ កិច្ចការ បរទេស សហប្រតិបត្តិ ការអន្តរជាតិ ព័ត៌មាន និង ប្រព័ន្ធ ផ្សព្វផ្សាយ នៃ រដ្ឋសភា ដែលបានចោទថា កម្មករធ្វើពុតជាឈឺ ដើម្បីកេងបន្លំប្រាក់ ប.ស.ស ដែលធ្វើឲ្យបាត់បង់ប្រាក់ចំណូលរដ្ឋ។
លោក សោម អូន បានសរសេរនៅលើទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី៣ ខែតុលានេះថា “ឯកឧត្តម ឈាង វុន គួរបង្ហាញឯកសារផ្កូវការ ដែលចោទថា កម្មករបានក្លែងធ្វើពុតជាឈឺ ក្នុងគោលបំណងកេងកឹបថវិកា ប.ស.ស។ ម្យ៉ាងទៀតឯកឧត្តមគួរតែកែសម្រួលពាក្យ ដោយនិយាយត្រឹមថា “កម្មករខ្លះ ឬមួយចំនួនតូច” បានហើយ ពីព្រោះការប្រើពាក្យ “កម្មករ” គឺវាទូទៅពេកនាំឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កម្មករ ជាង១លាននាក់ ហើយភាគច្រើនបំផុត ដែល ពួកគាត់ល្អ “។
បណ្តាញសង្គមជាច្រើន បានលើកឡើងថា “ឯងខំធ្វើការថែមម៉ោងទាំងយប់ទាំងថ្ងៃ ឈឺស្ទើរងាប់ស្ទើររស់ ប្រាក់ចំណូលរដ្ឋបាត់បង់ គេមកចោទឯងថាធ្វើពុតឈឺ ដើម្បីកេងលុយ ប.ស.ស អើយស្រុកខ្ញុំអើយស្រុកខ្ញុំ”។
ចំណែកលោក ផែង វណ្ណ បានសរសេរផងដែរថា “ខ្ញុំឈឺក្បាលណាស់ដែលមាន ឯកឧត្តមតំណាងរាស្ត្រម្នាក់ ចោទប្រកាន់កម្មករ កម្មការិនី ធ្វើពុតជាឈឺ ខ្ជឹលធ្វើការបណ្ដាលឲ្យបាត់ថវិកាជាតិ ។ ហ៊ឹម ជនពុករលួយលួចលុយជាតិ មិនលើកយកមកនិយាយ បែជាមកចោទ កម្មករ កម្មការិនី ជាអ្នកធ្វើឲ្យបាត់លុយរដ្ឋទៅវិញ ។ គិតទៅហេតុតែគ្នាក្រីក្រ ជាកម្មករ កម្មការិនី ទន់ខ្សោយ គេចោទថាម៉េចក៏បាន ។ ខ្ញុំពិតជាហួសចិត្តណាស់ ពេលឮតំណាងរាស្ត្រម្នាក់នោះនិយាយចោទកម្មករបែបនេះ”។
បើតាមកាសែតក្នុងស្រុកជាច្រើន បានចុះផ្សាយថា ថ្មីៗនេះដែរ មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយ រដ្ឋសភាកំពុងធ្វើសេចក្តីព្រាងច្បាប់ ដើម្បីចាត់វិធានការលើវេជ្ជបណ្ឌិត និងអ្នកជំងឺដែលឃុបឃិតគ្នាកេងបន្លំថវិកាបេឡាជាតិរបបសន្តិសុខសង្គម ដោយការទូរទាត់ថ្លៃចំណាយលើការព្យាបាលក្លែងក្លាយ។ លោកឈាង វុន បាន បាននិយាយថា គ្រូពេទ្យ និងអ្នកជំងឺឃុបឃិតគ្នាដោយការចែកលុយដែលបានពីបេឡាជាតិរបបសន្តិសុខសង្គម តាមរបៀបគ្រូពេទ្យចេញវិក្កយបត្រសម្រាប់ការព្យាបាល។ លោកបានកត់សម្គាល់ថា គណៈកម្មាធិការអចិន្ត្រៃយ៍របស់សភានឹងពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ ក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃសុក្រ។ លោកបានមានប្រសាសន៍ថា “ វាមិនត្រឹមតែមន្ត្រីរាជការដែលចូលរួមប៉ុណ្ណោះទេ ប៉ុន្តែកម្មករក៏ឃុបឃិតគ្នាជាមួយមន្ទីពេទ្យបង្អែក និងមន្ត្រីមណ្ឌលសុខភាពមួយចំនួនដើម្បីចេញលិខិតសម្រាកព្យាបាល និងចេញវិក្កយបត្រគិតប្រាក់ពីបេឡាជាតិសន្តិសុខផងដែរ” ។ តាមពិតពួកគេមិនឈឺទេ ហើយពួកគេគ្រាន់តែចង់សម្រាកនៅផ្ទះប៉ុណ្ណោះ”។ លោកបានបន្ថែមថា “ដូច្នេះរដ្ឋនឹងខាតបង់ចំណូល ហើយនិយោជកក៏បាត់បង់កម្លាំងពលកម្ម ដោយសារតែការឈប់សម្រាកឈឺ”។ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនប្រាក់ចំណូល ដែលបានបាត់បង់តាមរយៈការបន្លំនោះទេ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបាននិយាយកាលពីម្សិលមិញថា ក្រសួងមិនទាន់ទទួលបានរបាយការណ៍អំពីការបោកប្រាស់របស់បេឡាជាតិរបបសន្តិសុខសង្គមទេ ប៉ុន្តែគាំទ្រចំពោះការប្រឹងប្រែងចាត់វិធានការតាមច្បាប់ប្រឆាំងនឹងការក្លែងបន្លំនេះ។ លោកបានមានប្រសាសន៍ថា “យើងមិនទាន់បានទទួលរបាយការណ៍ពីរដ្ឋសភានៅឡើយទេ”។ យើងកំពុងរង់ចាំសហការជាមួយរដ្ឋសភាដើម្បីស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់”៕