• សម្តេចតេជោ៖ កម្ពុជា មាន​មាស​ ៣០ ​តោន​ផ្ញើនៅ​ធនាគារ​បរទេស

    កន្លងមក ប្រជាពលរដ្ឋកម្ពុជាតែងតែនិយាយតៗគ្នាថា ប្រទេសកម្ពុជាបានយកមាសទៅតម្កល់ទុកនៅតាមធនាគារបណ្តាប្រទេសមួយចំនួន ប៉ុន្តែមិនដែលបានដឹងថា នៅប្រទេសណាខ្លះ ឬ មានទម្ងន់ប៉ុន្មាននោះទេ ?។ ប៉ុន្តែនៅពេលនេះបានដឹងច្បាស់ហើយគឺកម្ពុជាមាន​មាសទម្ងន់​ ៣០​ តោន ដែលបាន​តម្កល់ទុក​នៅ​ធនាគារ​ប្រទេស​ ស្វី​ស និង​ អង់គ្លេស ដើម្បី​បម្រុង​ទុក​ដោះស្រាយ​បញ្ហា នៅពេលដែល​កម្ពុជា ជួប​បញ្ហា​សេដ្ឋកិច្ច​កើតឡើង​ជាយថាហេតុ​ ។

    នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ប៊ែ​ល​ធី នាព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជា មាន​មាស ​៣០ ​តោន ដែល​តម្កល់ទុក​នៅ​ធនាគារ​ប្រទេស ​ស្វី​ស និង​ អង់គ្លេស ដោយក្នុងនោះគឺមាន​ ១២​តោន​ទុក​នៅ ប្រទេសស្វី​ស មាស ​១៥ ​តោន​ទុក​នៅ​ប្រទេសអង់គ្លេស និង ​មាស ​៣ ​តោនទៀតតម្កល់​ទុកនៅ​ធនាគារជាតិ​កម្ពុជា​ ។

    បើតាមការអះអាងរបស់​សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា​អាចមាន​លទ្ធផល​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​ជូន​មន្ត្រីរាជការ និង ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​បាន បើសិន​ជាមាន​ករណី​បញ្ហា​សេដ្ឋកិច្ច​កើតឡើង​ ។​ ​មូល​ហេតុដែល​ប្រមុខរាជ​រដ្ឋាភិបាល ហ៊ាន​អះអាង​បែបនេះ ដោយសារ​សំអាង​ទៅលើ​ការប្រមូល​ពន្ធគយ និង ​សារពើពន្ធ​ផ្សេងៗ ។

    សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា កម្ពុ​ជា មានទុន ៤០​ ពាន់​លាន​ដុល្លារ​ សម្រាប់ដោះស្រាយនូវបញ្ហា ប្រឈមនានា ។ បច្ចុប្បន្ននេះកម្ពុជាមិនទាន់ទទួលបានចំណូលពីវិស័យប្រេងផង តែកម្ពុជាអាចរស់បាន ។ ដូច្នេះនៅពេលបានចំណូលពីប្រេងនឹងយកថវិកាផ្តោតសំខាន់ទៅលើការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ។

    សម្តេចតេជោបានថ្លែងថា រយៈពេល ៩ ខែឆ្នាំនេះ ចំណូលពីគយ សម្រេចបាន ១០៥ ភាគរយគឺទទួល បានចំណូលលើសការគ្រោងទុកប្រមាណ ៨០០ លានដុល្លារ និង ពន្ធដារផ្ទៃក្នុងបានជាង ៩៥ ភាគរយ ។ ក្នុងមួយខែកម្ពុជាទទួលបានចំណូលប្រមាណជា ៥០០ លានដុល្លារ ហើយចាយទៅវិញប្រមាណ ៣០០ លានដុល្លារ ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ