យោងតាមសារព័ត៌មាន Channel News Asia បានឱ្យដឹងថា តារា YouTube កូរ៉េវ័យក្មេងម្នាក់ មានឈ្មោះថា Boram និង គ្រួសាររបស់នាងទើបតែទិញផ្ទះកម្ពស់ ៥ ជាន់មួយខ្នង នៅក្នុងសង្កាត់ Gangnam ទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង ក្នុងតម្លៃ ៩,៥ ពាន់លានវ៉ុន (៨,០៥ លានដុល្លារ) ។
YouTuber អាយុ ៦ ឆ្នាំខាងលើនេះ មានចំនួន Subscriber ជាង ៣០ លាននាក់ លើឆាណែល YouTube របស់នាងចំនួន ២ ។ ឆាណែលទី ១ គឺ Boram Tube Vlog ដែលមានចំនួន Subscriber ១៧,៦ លាននាក់ និង Boram Tube Toys Review មាន ១៣,៦ លាននាក់ ។
បើតាមកាសែត Korea Times បានឱ្យដឹងថា នាងគឺជា YouTuber កូរ៉េដែលមានអ្នកគាំទ្រច្រើនបំផុតមួយ ដោយអាចរកចំណូលក្នុងមួយខែបាន ៣,៧ ពាន់លានវ៉ុន (ជាង ៣ លានដុល្លារ) ពីឆាណែល YouTube ទាំង ២ របស់នាង ។
សូមបញ្ជាក់ថា ផ្ទះនោះឈរលើផ្ទៃដីសរុប ២៥៨,៣ ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ Gangnam ដែលបានទិញកាលពីថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៩ កន្លងទៅនេះ ដោយក្រុមហ៊ុន Boram Family ដែលដំណើរការឆាណែល YouTube របស់នាង ៕