ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវករណីស្ត្រីជាអ្នកលក់ត្រីម្នាក់បានចាញ់បោកក្រុមទម្លាក់យោង អស់ទ្រព្យសម្បតិ្តមានតម្លៃដែលជាប់នៅនឹងខ្លួនដូចជា ចិញ្ចៀន ខ្សែក លុយ១០០ដុល្លារ សោរម៉ូតូ សល់ត្រឹមតែសំណមួយថង់តូចដែលក្រុមចោរបន្សល់ឲ្យ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅម្តុំទំនប់កប់ស្រូវ។ ស្ត្រីជាជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ដោយគ្រាន់តែដឹងថាមកពីខេត្តកំពង់ស្ពឺហើយមានមុខរបរជាអ្នកលក់ត្រី។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ យាយ សរ បានសរសេរយ៉ាងដូច្នេះថា៖ “គាត់ចាញ់បោកគេមានអ្នកណាស្គាល់គាត់អត់គេយក លុយមាសគាត់អស់ហេីយខ្ញុំមិនដឹងជួយគាត់យ៉ាងម៉េចទេ តែគាត់ប្រាប់ថាគាត់ជាអ្នកលក់ត្រី”។ មានមហាជនជាច្រើនបានលើកឡើងថាល្បិចនេះសុទ្ធសឹងតែជាល្បិចចាស់គំរិលដដែលៗ អ្នកចាញ់បោកមានតែអ្នកមានចិត្តលោភលន់តែប៉ុណ្ណោះ យ៉ាងណាមិញបងប្អូនប្រជាពលរដ្ឋគួរបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ សូមទស្សនាវីដេអូនៅខាងក្រោម៖