ឥណ្ឌូណេស៊ី រំពឹងលើទឹកភ្លៀង ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ ដែលកំពុងបង្កភាពក្តៅក្រហាយដល់អ្នកជិតខាង

(ហ្សាការតា)៖ ទីភ្នាក់ងារជាតិកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ី (BNPB) បាននិយាយថា បញ្ហាភ្លើងឆេះព្រៃនៅលើកោះធំៗដូចជាស៊ូម៉ាត្រា ព្រមទាំងនៅលើកោះ កាលីម៉ាន់តាន់ (Borneo ឬ Kalimantan) នឹងអាចបញ្ចប់ក្នុងពេលឆាប់ៗ ដោយសារការមកដល់នៃរដូវវស្សា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

ប៉ុន្មានខែកន្លងមកនេះ ឥណ្ឌូណេស៊ីបានព្យាយាមប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃ ដែលជារឿយៗបង្កឡើងដោយការដុតក្នុងវិស័យកសិកម្ម ខណៈលំនាំបាតុភូតអាកាសធាតុ El Nino បានធ្វើឲ្យរដូវក្តៅកាន់តែកើនឡើងសីតុណ្ហភាពថែមទៀត។ ភ្លើងឆេះព្រៃទាំងនោះ ក៏បានបង្កើតជាផ្សែងពុលរាលដាលដល់ប្រទេសជិតខាងផងដែរដូចជា ម៉ាឡេស៊ី សិង្ហបុរី និងថៃជាដើម ដែលធ្វើឲ្យរដ្ឋាភិបាលប្រទេសទាំងនេះ អំពាវនាវយ៉ាងទទូចឲ្យឥណ្ឌូណេស៊ី ព្យាយាមពន្លត់ភ្លើងឆេះព្រៃឲ្យបានឆាប់រហ័ស។

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ីបានឲ្យដឹងថា តាមរយៈរូបភាពផ្កាយរណប និងការអង្កេតផ្ទាល់នោះ គេអាចសន្និដ្ឋានបានថា បញ្ហាភ្លើងឆេះព្រៃឥណ្ឌូណេស៊ីក្នុងឆ្នាំ២០១៩ នេះនឹងបញ្ចប់ទៅក្នុងពេលឆាប់ៗខាងមុខ ស្របពេលដែលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំណុចភ្លើងឆេះព្រៃបានថយចុះដល់ទៅ ៧៨ភាគរយ ហើយភ្លៀងក៏បានចាប់ផ្តើមធ្លាក់នៅតាមតំបន់ជាច្រើនផងដែរ។

គួរជម្រាបថា យោងតាមទីភ្នាក់ងារ BNPB ចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំនេះ ផ្ទៃដីព្រៃឈើទំហំច្រើនជាង ៣២០,០០០ហិកតាបានរងការឆាបឆេះ ដែលវាជាកម្រិតអាក្រក់បំផុត បើគិតតាំងពីឆ្នាំ២០១៥មក។ ក្នុងឆ្នាំនេះឥណ្ឌូណេស៊ី បានដាក់ពង្រាយក្រុមសង្គ្រោះប្រមាណ ២៩,០០០នាក់ ដើម្បីពន្លត់ភ្លើងឆេះព្រៃ បូករួមជាមួយការបញ្ចូនយន្តហោះជាច្រើនគ្រឿង ដើម្បីទម្លាក់ទឹកស្រោចលើភ្លើងឆេះព្រៃ និងព្យាយាមបង្កើតភ្លៀងសិប្បនិម្មិតផងដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ