កណ្តាល៖ នគរបាលស្រុកល្វាឯម បានឲ្យដឹងថា ករណីហិង្សាដោយចេតនា រឿងនោមដាក់របងផ្ទះ កើតជាជម្លោះ ទាញពូថៅកាប់រយះក្បាលម្នាក់ ហើយជនដៃដល់បិទសាប៊ូ រត់បាត់។
កើតហេតុថ្ងែចន្ទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង ០៦.០៨នាទីនៅចំណុចលើផ្លូវលំមុខផ្ទះជនរងគ្រោះភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះមាន សុខុម ភេទប្រុសអាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករទីលំនៅភូមិ-ឃុំកើតហេតុ ។ ជនសង្ស័យ០១នាក់(គេចខ្លួន) ឈ្មោះ ឃុត សុភក្ត័ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិ-ឃុំកើតហេតុ ។
ផលប៉ះពាល់ ជនរងគ្រោះរងរបួសក្បាលនិងក ខាងក្រោយផ្នែកឆ្វេង ។
សភាពរឿងហេតុនេះ គឺនៅថ្ងៃទី ៣០ខែកញ្ញាឆ្នាំ ២០១៩ វេលាម៉ោង ៦និង០០ ព្រឹកឈ្មោះ មាន វាសនា ហៅលឹបដែលត្រូវជាកូនជនរងគ្រោះឈ្មោះមាន សុខុម បានបាញ់ទឹកជ្រូកនិងបាចចំណីមាន់នៅខាងក្រោយផ្ទះក្បែរមាត់ទន្លេក្រោយមកឈ្មោះមាន វាសនាបានដើរទៅនោមក្បែររបងព្រំដី ឈ្មោះឃុត សុភក្ត័ក៏បានស្រែកឲ្យឈ្មោះមាន វាសនា ថា ហ្អែងឈ្លើយម្ល៉េះនោមដាក់របងអញហើយឲ្យឈ្មោះមាន វាសនា មកមុខផ្ទះបើកទ្វាររបងដើម្បីវាយគ្នាពេលនោះឈ្មោះឃុត សុភក្ត័ និងក្រុមគ្រួសារបានឈ្លោះប្រកែកពាក្យសម្តីគ្នាជាមួយក្រុមគ្រួសារឈ្មោះមាន វាសនា នៅលើផ្លូវមុខផ្ទះឈ្មោះមាន សុខុម បន្ទាប់មកឈ្មោះមាន វាសនា បានបើកទ្វាររបងហើយដើរចេញទៅផ្លូវបានមួយជំហានក៏ឈ្មោះឃុត សុភក្ត័បានស្ទុះមកវាយឈ្មោះមាន វាសនាចំនួន ០៣ ដៃហើយឈ្មោះមាន សុខុម(ជនរងគ្រោះ)ដែលត្រូវជាឪពុក បានចេញទៅជួយឃាត់ក៏ត្រូវឈ្មោះឃុត សុភក្ត័ដកពូថៅពីចង្កេះកាប់ឈ្មោះមាន សុខុមបណ្ដាលឲ្យរងរបួសហើយរត់គេចខ្លួនបាត់តែម្ដង ។
ករណីនោះកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍បឹងគ្រំកំពុងស្រាវជ្រាវកសាងសំណុំរឿងបន្តចាត់ការ តាមនីតិវិធី ៕
ប្រភព៖ CEN