សៀមរាប៖ អធិការនគរបាលស្រុកស្រីស្នំ លោកវរសេនីយ៍ឯក អ៊ុន ស្រស់ បានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវជាកូនបង្កើតបានទាញកាំបិតខ្វែវកាប់មកលើឪពុកបង្កើតរបស់ខ្លួន បណ្តាលឲ្យដាច់ក ស្លាប់ ពេលកំពុងសម្រាកនៅក្រោមផ្ទះ។
ហេតុការណ៍គួរឲ្យតក់ស្លុតនេះ កើតឡើងនៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក អ៊ុន ស្រស់ បានឲ្យដឹងថា ករណីឃាតកម្មនេះ កម្លាំងនគរបាលស្រុកស្រីស្នំ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សាន គង់ ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
លោកបន្តថា ជនសង្សយ័ឈ្មោះសាន គង់ បានយកកាំបិតខ្វែវដងឈើកាប់ទៅលើឪពុកបង្កើតឈ្មោះរៀល វឿង អាយុ៦៦ឆ្នាំ នៅភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំមុខរបរ កសិករបណ្តាលឲ្យដាច់ក ស្លាប់នៅនឹងកន្លែងតែម្តង។ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងចុះទៅភ្លាម ធ្វើការហ៊ុមព័ទ្ធចាប់និងឃាត់ជនសង្ស័យភ្លាមៗ។
លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា តាមការបំភ្លឺរបស់អ្នជិតខាងនិងភរិយាជនរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យ មុននឹងធ្វើសកម្មភាពប្រហែល៣ថ្ងៃមុន គេ(ជនសង្ស័យ) បានដើរកាប់ដើមចេកអស់ជាច្រើនដើម។ ដោយខ្លាចមានបញ្ហា ជនរងគ្រោះបានទៅស្នាក់នៅផ្ទះអ្នកជិតខាង។ តែដល់ថ្ងៃកើតហេតុពួកគាត់បានអង្គុយលេងនៅក្រោមផ្ទះ ក៏ស្រាប់តែជនសង្ស័យបានកាប់ទៅលើឪពុកបង្កើតបណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។ លោកបន្តថា តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ ត្រូវជាម្តាយបានឲ្យដឹងថា កូនគាត់ វាវិកលចរិក ប៉ុន្តែគ្មានឯកសារបញ្ជាក់នោះទេ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋានខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យមកតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕